(តេហេរ៉ង់)៖ ប្រធានទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែរ IAEA របស់អង្គការសហប្រជាជាតិ (UN) លោក Rafael Grossi បានព្រមានថា អ៉ីរ៉ង់ស្ថិតនៅមិនឆ្ងាយនោះទេ ពីការមានគ្រាប់បែកនុយក្លេអ៊ែរនៅក្នុងដៃ ខណៈរូបលោកបានធ្វើដំណើរមកដល់ទីក្រុងតេហេរ៉ង់ កាលពីថ្ងៃពុធទី១៦ ខែមេសា ដើម្បីបំពេញទស្សនកិច្ច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រុមប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក បានចោទអ៉ីរ៉ង់ជាយូរមកហើយ ថាព្យាយាមចង់ផលិតអាវុធនុយក្លេអ៊ែរ ជាការចោទប្រកាន់ដែលទីក្រុងតេហេរ៉ង់ បានបដិសេធម្តងហើយម្តងទៀត ដោយទទូចថា កម្មវិធីថាមពលនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់បម្រើគោលដៅស៉ីវិលដោយសន្តិភាពប៉ុណ្ណោះ។ ទីភ្នាក់ងារ IAEA មានតួនាទីឃ្លាំមើល កម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ និងការគោរពរបស់អ៉ីរ៉ង់ ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលបានដួលរលំ៣ឆ្នាំក្រោយ នៅពេលដែលសហរដ្ឋអាមេរិកដកខ្លួនចេញ អំឡុងអាណត្តិទី១ របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។
ក្នុងបទសម្ភាសមួយជាមួយសារព័ត៌មានបារាំង Le Monde ដែលចេញផ្សាយកាលពីថ្ងៃពុធ លោក Grossi បាននិយាយថា «វាប្រៀបដូចជារូបផ្គុំយ៉ាងដូច្នោះ។ ពួកគេ (អ៉ីរ៉ង់) មានបំណែកនានាទាំងអស់ហើយ ហើយថ្ងៃណាមួយ ទីបំផុតពួកគេនឹងសង់បំណែកទាំងនោះបញ្ចូលគ្នា។ ពួកគេមិនទាន់ឈានដល់ដំណាក់កាលនោះទេ ប៉ុន្តែពួកគេក៏ស្ថិតនៅមិនឆ្ងាយដែរ ដែលនេះជារឿងដែលត្រូវតែទទួលស្គាល់»។ លោក Grossi បានបន្តថា «វាមិនទាន់គ្រប់គ្រាន់ទេ ដោយគ្រាន់តែត្រឹមអះអាងប្រាប់សហគមន៍អន្តរជាតិថា 'យើងមិនមានអាវុធនុយក្លេអ៊ែរ' ដើម្បីឱ្យគេឯងជឿជាក់លើអ្នក។ យើងចាំបាច់ត្រូវការផ្ទៀងផ្ទាត់ឱ្យជាក់ច្បាស់លើរឿងនេះ»។
គួរបញ្ជាក់ថា លោក Grossi បានទៅដល់ទីក្រុងតេហេរ៉ង់ កាលពីថ្ងៃពុធ ហើយជួបជាមួយរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi។ ដំណើរទស្សនកិច្ចរបស់លោក Grossi កើតមានឡើង មុនកិច្ចពិភាក្សាជុំទី២ រវាងអ៉ីរ៉ង់និងអាមេរិក ដែលគ្រោងប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ពោលគឺ១សប្តាហ៍បន្ទាប់ពីប្រទេសទាំងពីរ បានបើកកិច្ចពិភាក្សាកម្រិតខ្ពស់បំផុត ជាលើកដំបូង គិតចាប់តាំងពីលោក ត្រាំ បានបោះបង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៉ីរ៉ង់ កាលពីឆ្នាំ២០១៨៕