រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្រកាសដោះលែងអ្នកទោសជិត៥០០០នាក់ សម្រាប់ឱកាសបុណ្យចូលឆ្នាំ (Video inside)
17-04-2025 14:14
(ណៃពិដោ)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា រដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ា បានប្រកាសអំពីការដោះលែងអ្នកទោស ចំនួនជិត៥០០០នាក់ ក្នុងការលើកលែងទោស នាឱកាសបុណ្យចូលឆ្នាំថ្មី Thingyan។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
របបសឹកមីយ៉ាន់ម៉ា ត្រូវក្រុមការពារសិទ្ធិមនុស្សអះអាងថា បានចាប់ខ្លួនបាតុករនិងសកម្មជនរាប់ពាន់នាក់ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ដែលបានធ្វើឱ្យប្រទេសទាំងមូល ធ្លាក់ទៅក្នុងវិបត្តិនិងសង្រ្គាមស៉ីវិល។ បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលយោធា អ្នកទោសសរុប៤៨៩៣នាក់ នឹងត្រូវដោះលែងឱ្យមានសេរីភាព ក្នុងនោះមានជនបរទេស១៣នាក់។
គួរបញ្ជាក់ថា នៅប្រទេសមីយ៉ាន់ម៉ា ការលើកលែងទោស ជាធម្មតាតែងត្រូវបានប្រកាស ដើម្បីអបអរទិវាជាតិ និងពិធីបុណ្យពុទ្ធសាសនា ក៏ប៉ុន្តែមកទល់ពេលនេះ អ្នកទោសនយោបាយសំខាន់ៗបំផុត រួមមានទាំងអតីតមេដឹកនាំស៉ីវិល ដែលត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ គឺលោកស្រី អោងសាន ស៊ូជី នៅបន្តជាប់ឃុំឃាំងដដែល៕