(សេអ៊ូល)៖ កូរ៉េខាងត្បូង និងវៀតណាម បានព្រមព្រៀងសហការគ្នាយ៉ាងជិតស្និទ្ធ បន្ទាប់ពីការប្រកាសពន្ធរបស់សហរដ្ឋអាមេរិក ដែលបង្កបញ្ហាប្រឈមធំចំពោះសេដ្ឋកិច្ចនៃប្រទេសទាំងពីរ និងសម្រាប់ក្រុមហ៊ុនដូចជា Samsung Electronics ដែលមានទុនវិនិយោគដ៏ធំនៅវៀតណាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ ២០២៥។

ក្នុងសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul បានជួបសមភាគីវៀតណាម លោក Bui Thanh Son។ រីឯរដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង ក៏បានធ្វើទស្សនកិច្ចនៅវៀតណាមផងដែរ ដើម្បីពិភាក្សាអំពីការឆ្លើយតបទៅនឹងបញ្ហាពន្ធ ដែលកំពុងកើនឡើង។

បើតាមក្រសួងការបរទេសវៀតណាម ប្រទេសទាំងពីរ កំពុងស្វែងរកការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ចំនួន ១៥០ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ក្រោមលក្ខខណ្ឌដែលមានតុល្យភាព និងនិរន្តរភាពជាងមុន។ លើកម្រិតពហុភាគី ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាអន្តរជាតិ និងតំបន់ដោយការយកចិត្តទុកដាក់។ វៀតណាម ក៏បានលើកទឹកចិត្តឱ្យធុរជនកូរ៉េខាងត្បូង ពង្រីកប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម លើវិស័យអាទិភាពដូចជា ហេដ្ឋារចនាសម្ព័ន្ធ អេឡិចត្រូនិក និងថាមពលកកើតឡើងវិញ។

គួរបញ្ជាក់ថា វិធានការពន្ធគយទៅវិញទៅមករបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ក៏រួមមាន ៤៦ភាគរយលើការនាំចូលពីវៀតណាម និង ២៥ភាគរយលើការនាំចូលពីកូរ៉េខាងត្បូង។ នៅក្នុងការផ្អាកជាបណ្តោះអាសន្ន ដូចប្រទេសដ៏ទៃទៀតដែរ កូរ៉េខាងត្បូង និងវៀតណាម មានពេល ៩០ថ្ងៃពោលគឺរហូតដល់ខែកក្កដា ដើម្បីដោះស្រាយបញ្ហាជាមួយសហរដ្ឋអាមេរិក៕