(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៉ី លោក Sugiono កាលពីថ្ងៃពុធសប្តាហ៍នេះ អំពីបញ្ហាពន្ធគយ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ ២០២៥។
ក្រសួងការបរទេសអាមេរិក បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា លោក Rubio និងលោក Sugiono បានរកវិធីសាស្រ្តធ្វើឱ្យកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខនៃប្រទេសទាំងពីរកាន់តែស៉ីជម្រៅ រួមទាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់សេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើសមុទ្រ នៅសមុទ្រចិនខាងត្បូងស្របតាមច្បាប់អន្តរជាតិ។
រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ អំពីពន្ធគយទៅវិញទៅមករបស់សហរដ្ឋអាមេរិកលើឥណ្ឌូណេស៉ី ហើយលោក Rubio បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូណេស៉ី ក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ច ឆ្ពោះទៅរកទំនាក់ទំនងពាណិជ្ជកម្មដោយស្មើភាព និងមានតុល្យភាព៕