(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញាធរនៃប្រទេសកូរ៉េខាងត្បូង បានស្នើទៅកាន់តុលាការថ្នាក់តំបន់ឲ្យចេញដីកាចាប់ខ្លួន លោកស្រី Choi Soon-sil មិត្តភក្តិជិតស្និត នៃប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីយកទៅឃុំខ្លួនជាបណ្តោះអាសន្ន ខណៈដែលរឿងអាស្រូវនៃការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ជាតិ និងការបោកប្រាស់ប្រាក់មូលនិធិរាប់រយលានដុល្លារនោះ កំពុងតែបង្កទុក្ខទោម្នេញយ៉ាងខ្លាំងដល់សង្គមកូរ៉េទាំងមូល។ នេះបើតាមការចេញផ្សាយដោយ យ៉ុនហាប់ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។
ពីដំបូងឡើយនាដើមសប្តាហ៍នេះលោកស្រី Choi ត្រូវបានរដ្ឋអាជ្ញាទីក្រុងសេអ៊ូល សម្រេចកោះហៅឲ្យមកស្រាយបំភ្លឺក្នុងតុលាការ និងធ្វើការបង្ខាំងទុក ជាបណ្តោះអាសន្ន ដើម្បីរង់ចាំចំណាត់ការតាមនីតិវិធីតុលាការ ជុំវិញរឿងរ៉ាវដែលបានចោទប្រកាន់លោកស្រីកន្លងមក ប៉ុន្តែថ្ងៃនេះលោកស្រីត្រូវបានរដ្ឋអាជ្ញាធរ ដាក់សំណើម្តងទៀតឲ្យតុលាការចាប់ខ្លួនលោកស្រី មកឃុំខ្លួនតែម្តង។
គួរបញ្ជាក់ថាលោក Choi វ័យ៦០ឆ្នាំ និងត្រូវជាមិត្តជិតស្និតរបស់លោកស្រី ផាក គឺនហេ ជាង៤០ឆ្នាំរូបនេះ បានទទួលរងពាក្យបណ្តឹងជាច្រើនថា លោកស្រី បានប្រើប្រាស់អំណាចប្រធានាធិបតីដែលជាមិត្តភក្តិ ទៅប្រព្រឹត្តរឿងជាច្រើនដែលមានគ្រោះថ្នាក់ទៅនឹងសន្តិសុខជាតិ ដូចជាការពិនិត្យរបាយការណ៍សម្ងាត់នានា ក្នុងការិយាល័យនាយករដ្ឋមន្ត្រីដោយសេរី និងការបើកមូលនិធិដើម្បីប្រមូលថវិកាទុកខ្លួនឯងជាដើម។ បន្ថែមពីនេះទៀតមនុស្សពាក់ព័ន្ធមួយចំនួន ក៏ត្រូវបានតុលាការប្រកាសចាប់ខ្លួនជាបន្តបន្ទាប់ផងដែរ។
ជុំវិញបញ្ហានេះ លោកស្រី ផាក គឺនហេ នាព្រឹកថ្ងៃពុធបានធ្វើការរុះរើគណបក្សរដ្ឋមន្ត្រីរួចមកហើយដែរ ដោយក្នុងនោះនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសំខាន់ៗមួយចំនួនត្រូវបានដកតំណែងនិងជំនួសដោយមនុស្សថ្មី ក្នុងនោះលោក Kim Byong-joon ត្រូវបានជ្រើសតាំងសម្រាប់តំណែងនាយករដ្ឋមន្ត្រីថ្មី និងលោក Yim Jong-yong ត្រូវបានតែងតាំងសម្រាប់តំណែងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីផងដែរ៕