(កៀវ)៖ សភាអ៊ុយក្រែន នៅថ្ងៃពុធ ទី១៦ ខែមេសានេះ បានបោះឆ្នោតដើម្បីបន្តច្បាប់អាជ្ញាសឹកនិងការកេណ្ឌទ័ពទូទៅ ដែលកំពុងអនុវត្តនៅក្នុងប្រទេស សម្រាប់រយៈពេល ៩០ថ្ងៃបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។
សមាជិកសភាអ៊ុយក្រែន លោក Yaroslav Zheleznyak បានគូសបញ្ជាក់ឲ្យដឹងថា សមាជិកសភាចំនួន ៣៥៧ រូប បានគាំទ្រការពន្យារច្បាប់អាជ្ញាសឹក ខណៈ ៣៤៦រូប បានគាំទ្រការបន្តការកេណ្ឌទ័ព ដែលលើសពីសំឡេងអប្បបរមា ២២៦ ដែលត្រូវការសម្រាប់ការអនុម័ត។ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ការពន្យារពេលថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ៩ ខែឧសភា រហូតដល់ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៥។
ប្រទេសអ៊ុយក្រែនបានដាក់ច្បាប់អាជ្ញាសឹក និងប្រកាសកេណ្ឌទ័ពទូទាំងប្រទេសជាលើកដំបូង បន្ទាប់ពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយវិធានការទាំងពីរនេះត្រូវបានពន្យារជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ន៕