(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយនៅថ្ងៃពុធ ទី១៦ ខែមេសា ថា សិទ្ធិរបស់ប្រទេសអ៊ីរ៉ង់ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម គឺមិនអាចចរចាបាននោះទេ មុនពេលកិច្ចចរចាជុំទីពីរដែលគ្រោងធ្វើជាមួយសហរដ្ឋអាមេរិក នៅប្រទេសអូម៉ង់នៅចុងសប្តាហ៍នេះ ស្តីពីកម្មវិធីនុយក្លេអ៊ែរដែលកំពុងមានភាពតានតឹង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥។

ការអត្ថាធិប្បាយរបស់លោក Araqchi ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសម្តីរបស់អ្នកចរចាកំពូលអាមេរិក លោក Steve Witkoff ដែលបាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងតេអេរ៉ង់ត្រូវតែ «បញ្ឈប់ និងរុះរើ» ការចម្រាញ់សារធាតុនុយក្លេអ៊ែររបស់ខ្លួន ដើម្បីឈានដល់កិច្ចព្រមព្រៀង។ លោក Araqchi បានហៅសេចក្តីថ្លែងការណ៍នេះថា «ផ្ទុយពីស្មារតីចរចាមុន» ដោយបានបន្ថែមថា «យើងត្រៀមខ្លួនជាស្រេចក្នុងការកសាងទំនុកចិត្តទាក់ទងនឹងការព្រួយបារម្ភ ដែលអាចកើតមានលើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ប៉ុន្តែគោលការណ៍នៃការចម្រាញ់គឺមិនអាចចរចាបានឡើយ»

គួរបញ្ជាក់ថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គ្រោងនឹងបើកកិច្ចចរចាជុំទីពីរនៅប្រទេសអូម៉ង់ នាថ្ងៃសៅរ៍ខាងមុខនេះ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមចាត់វិធានការយោធា ប្រសិនបើមិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយ។ ការចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅតែបន្តប្រឈមនឹងភាពតានតឹង ដោយសារតែការមិនទុកចិត្តគ្នា និងការទាមទារគោលជំហររៀងៗខ្លួន៕