(កូឡាឡាំពួរ)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឲ្យមានការគាំទ្រដល់ប្រព័ន្ធអន្តរជាតិដែលផ្តោតលើអង្គការសហប្រជាជាតិ ពាណិជ្ជកម្មពហុភាគី និងនីតិរដ្ឋ ខណៈលោកកំពុងបន្តដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ ចំពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៥។

លោក ស៊ី ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ជាផ្នែកនៃដំណើរទស្សនកិច្ច៣ប្រទេសនៅអាស៊ីអាគ្នេយ៍ រួមមានវៀតណាម និងកម្ពុជា បាននិយាយនៅក្នុងអត្ថបទមួយដែលចេញផ្សាយដោយកាសែត The Star របស់ម៉ាឡេស៊ីកាលពីថ្ងៃអង្គារថា ប្រព័ន្ធអន្តរជាតិដែលផ្តោតលើអង្គការសហប្រជាជាតិ និងគាំទ្រដោយច្បាប់អន្តរជាតិ គឺសំខាន់ណាស់ដើម្បី «លើកកម្ពស់អភិបាលកិច្ចសកលដែលប្រកបដោយយុត្តិធម៌ និងសមធម៌»។ លោកបានបន្ថែមថា «យើងត្រូវតែរក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី រក្សាស្ថិរភាពឧស្សាហកម្ម និងសង្វាក់ផ្គត់ផ្គង់សកល ក៏ដូចជារក្សាបរិយាកាសអន្តរជាតិ នៃការបើកចំហនិងកិច្ចសហប្រតិបត្តិការ»

ការអត្ថាធិប្បាយរបស់លោក ស៊ី នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលលោក ដូណាល់ ត្រាំ បានដំឡើងពន្ធគយខ្ពស់លើប្រទេសនានាទូទាំងពិភពលោក ក្នុងនោះរួមមាន ចិនដែលអាចប្រឈមនឹងពន្ធគយរហូតដល់ ២៤៥% ហើយម៉ាឡេស៊ីក៏បានប្រឈមនឹងពន្ធ ២៤% ផងដែរ មុនពេលមានការផ្អាកជាបណ្តោះអាសន្ន។ គោលនយោបាយ «អាមេរិកជាធំ» របស់លោក ត្រាំ ក៏បាននាំឲ្យមានការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក និងការកាត់បន្ថយជំនួយអន្តរជាតិ ខណៈដែលចិនអះអាងថា ខ្លួនកំពុង «រុះរើជញ្ជាំង» និងពង្រីកដៃគូពាណិជ្ជកម្ម។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី នៅអាស៊ីអាគ្នេយ៍ ត្រូវបានគេមើលឃើញថាជាកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការរក្សា និងពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ចំពេលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក៕