Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខ NATO ទៅដល់តំបន់ជួរមុខរបស់អ៊ុយក្រែន ជាមួយនិងការបញ្ជាក់ពីការគាំទ្រមិនរាថយ

16-04-2025 10:52

(កៀវ)៖ អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte បានទៅដល់ទីក្រុង Odesa រួមជាមួយលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយបានប្រកាសគាំទ្រមិនរាថយចំពោះអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់រុស្ស៉ីនៅភាគខាងជើងនៃប្រទេស។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ ២០២៥។

តាមក្រុមមន្ត្រីអ៊ុយក្រែន មីស៉ីលផ្លោងរបស់រុស្ស៉ីបានធ្លាក់លេីទីក្រុង Sumy កាលពីថ្ងៃអាទិត្យដោយសម្លាប់មនុស្ស ៣៥នាក់ និងរបួសជាង ១០០នាក។ លោក Rutte បាននិយាយថា បក្សសម្ព័ន្ធដែលមានសមាជិកចំនួន ៣២នេះ នឹងនៅតែជាបង្អែកសម្រាប់ទីក្រុងកៀវ។

លោកបានប្រាប់សន្និសីទសារព័ត៌មានជាមួយលោក ហ្សេលេនស្គី ដូច្នេះថា «ណាតូ ឈរនៅជាមួយអ៊ុយក្រែន។ ខ្ញុំក៏ដឹងដែរថា ក្នុងរយៈពេល ២ទៅ៣ខែចុងក្រោយនេះ មានចម្ងល់ជុំវិញការគាំទ្ររបស់យេីង ប៉ុន្តែសូមកុំសង្ស័យការគាំទ្ររបស់យើងគឺមិន ប្រែប្រួលឡើយ»។

គួរបញ្ជាក់ថា បន្ទាប់ពីអ៊ុយក្រែន លោក Rutte ក៏បានធ្វើទស្សនកិច្ចនៅប្រទេសម៉ុលដាវី ដែលនៅជិតខាងគ្នានោះផងដែរ ដើម្បីពិភាក្សាអំពីសន្តិសុខក្នុងតំបន់៕