(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃអង្គារ ទី១៥ ខែមេសា ថា ប្រទេសចិននឹងបន្តធ្វើអ្វីដែលចាំបាច់ដើម្បីការពារសន្តិសុខតាមអ៊ីនធឺណិតរបស់ខ្លួន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ការិយាល័យសន្តិសុខសាធារណៈទីក្រុង Harbin បានចោទប្រកាន់ភ្នាក់ងារសហរដ្ឋអាមេរិក ពីការវាយប្រហារតាមអ៊ីនធឺណិតក្នុងអំឡុងពេលព្រឹត្តិការណ៍ Asian Winter Games កាលពីដើមឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
លោក Lin Jian បានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលត្រូវបានសួរអំពីការអះអាងរបស់អាជ្ញាធរនៅទីក្រុង Harbin ដែលថា ភ្នាក់ងារអាមេរិកបីនាក់ជាប់ពាក់ព័ន្ធនឹងការវាយប្រហារតាមអ៊ីនធឺណិត។ លោក Lin បានបញ្ជាក់ថា ក្នុងអំឡុងព្រឹត្តិការណ៍ Asian Winter Games លើកទីប្រាំបួន រដ្ឋាភិបាលអាមេរិកបានធ្វើការវាយប្រហារតាមអ៊ីនធឺណិត លើប្រព័ន្ធព័ត៌មានរបស់ព្រឹត្តិការណ៍ និងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗនៅខេត្ត Heilongjiang ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋចិន។
លោក Lin បានថ្លែងដូច្នេះថា «ប្រទេសចិនថ្កោលទោសចំពោះសកម្មភាពអ៊ីនធឺណិតដ៏អាក្រក់ ដោយរដ្ឋាភិបាលអាមេរិក»។ លោកបានបន្ថែមថា៖ «យើងជំរុញឱ្យសហរដ្ឋអាមេរិកចាត់វិធានការប្រកបដោយការទទួលខុសត្រូវ... ហើយបញ្ឈប់ការវាយប្រហារណាមួយ រួមទាំងការវាយប្រហារតាមអ៊ីនធឺណិត និងការប្រមាថដោយគ្មានមូលដ្ឋានលើប្រទេសចិន»។
លោក Lin បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងបន្តអនុវត្តវិធានការចាំបាច់ទាំងអស់ ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខតាមអ៊ីនធឺណិតរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់៕