(កូឡាឡាំពួរ)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់រាជធានីកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ីហើយ នៅថ្ងៃអង្គារ ទី១៥ ខែមេសា ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
នៅឯអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ លោក ស៊ី ជីនពីង ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)។
នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរនៅពេលមកដល់ លោក ស៊ី ជីនពីង បានមានប្រសាសន៍ថា លោកចង់ឆ្លៀតយកឱកាសនៃដំណើរទស្សនកិច្ចនេះ ដើម្បីធ្វើឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីកាន់តែស៊ីជម្រៅ ពង្រឹងទំនុកចិត្តផ្នែកនយោបាយទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការក្នុងកិច្ចខិតខំប្រឹងប្រែងទំនើបភាវូបនីយកម្ម និងបង្កើនការផ្លាស់ប្តូរវប្បធម៌ ព្រមទាំងបន្តជំរុញការកសាងសហគមន៍ចិន-ម៉ាឡេស៊ីដែលមានអនាគតរួមគ្នាឲ្យឈានដល់កម្រិតថ្មី។
លោក ស៊ី ក៏បានសម្តែងក្តីសង្ឃឹមថា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា ដំណើរទស្សនកិច្ចរបស់លោកនឹងផ្តល់លទ្ធផលជាផ្លែផ្កា បើកទំព័រប្រវត្តិសាស្ត្រថ្មីនៃមិត្តភាព និងផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ ឆ្ពោះទៅរក «៥០ឆ្នាំមាស» ថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី៕