(ប៉េកាំង)៖ នៅយប់ថ្ងៃទី១៤ ខែមេសា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Trần Thanh Mẫn ប្រធានរដ្ឋសភាវៀតណាមនៅទីស្នាក់ការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តវៀតណាម។
ថ្លែងក្នុងកិច្ចជំនួប លោកXi Jinping បានលើកឡើងថា បច្ចុប្បន្ននេះ ប្រទេសចិនកំពុងជំរុញដោយគ្រប់ជ្រុងជ្រោយនូវកិច្ចកសាងប្រទេសខ្លាំងក្លានិងបុព្វហេតុដ៏មហិមានៃការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ តាមរយៈ ការធ្វើទំនើបកម្មតាមបែបផែនចិន ហើយវៀតណាមជិតក៏នឹងបើកសករាជថ្មីនៃការអភិវឌ្ឍប្រទេសជាតិ ពោលគឺភាគីទាំងពីរសុទ្ធតែស្ថិតក្នុងដំណាក់កាលគន្លឹះនៃការអភិវឌ្ឍនិងស្តារឡើងវិញរៀងៗខ្លួន។
ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដែលមានភាពស្មុគស្មាញនិងរង្គោះរង្គើ ចិននិងវៀតណាមគួរមានជំនឿចិត្តលើមាគ៌ារបស់ខ្លួននិងជំនឿចិត្តយ៉ាងមុតមាំចំពោះប្រព័ន្ធគ្រប់គ្រងរបស់ខ្លួន ពង្រឹងសាមគ្គីភាពនិង កិច្ចសហប្រតិបត្តិការ បន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចកសាងសហគមន៍រួមវាសនាចិន-វៀតណាមដែលប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ ចាប់ដៃគ្នាឆ្ពោះទៅរកការធ្វើទំនើបកម្ម ដើម្បីបំពេញបន្ថែមស្ថិរភាពនិងថាមពលវិជ្ជមាន កាន់តែច្រើនដល់ពិភពលោក។
ជាការឆ្លើយតប លោក Trần Thanh Mẫnបានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាធិការបក្សកុម្មុយនីស្តចិនXi Jinping បានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវការយកចិត្តទុកដាក់របស់បក្ស រដ្ឋនិងប្រជាជនចិនចំពោះ ទំនាក់ទំនងវៀតណាម-ចិន។ អគ្គលេខាធិការបក្សទាំងពីរបានផ្តល់ការណែនាំជាយុទ្ធសាស្ត្រសំខាន់ៗអំពីការជំរុញកិច្ចកសាងសហគមន៍រួមវាសនាវៀតណាម-ចិនដែលប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ ដែលនឹងជំរុញទំនាក់ទំនងវៀតណាម-ចិនឱ្យបើកទំព័រថ្មី៕
វិទ្យុមិត្តភាពកម្ពុជាចិន