Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UPDATE: សិង្ហបុរី កំណត់យកថ្ងៃទី៣ ខែឧសភា រៀបចំការបោះឆ្នោតសកល (Video inside)

15-04-2025 16:06

(សិង្ហបុរី)៖ គណៈកម្មការរៀបចំការបោះឆ្នោតរបស់សិង្ហបុរី នៅថ្ងៃអង្គារ ទី១៥ ខែមេសា បានកំណត់យកថ្ងៃទី៣ ខែឧសភា ដើម្បីរៀបចំការបោះឆ្នោតសកល ដែលត្រូវបានគេមើលឃើញថានឹងក្លាយជាការធ្វើតេស្ដ ដ៏សំខាន់មួយសម្រាប់លោកនាយករដ្ឋមន្ត្រី Lawrence Wong។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការប្រកាសពីកាលបរិច្ឆេទរៀបចំការបោះឆ្នោតសកលខាងលើ កើតមានឡើងបន្ទាប់ពីប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaratnam នៅថ្ងៃអង្គារនេះ បានប្រកាសរំលាយសភា ដើម្បីបើកផ្លូវរៀបចំការ បោះឆ្នោតសកលលើកទី១៤របស់សិង្ហបុរី។ ការបោះឆ្នោតសកលនេះនឹងក្លាយជាការធ្វើតេស្ដ និងជាការប្រកួតប្រជែងជាលើកដំបូងសម្រាប់គណបក្សសកម្មភាពប្រជាជន (People's Action Party) ឬហៅកាត់ថា PAP នៅក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Lawrence Wong។

លោក Wong មានអាយុ ៥២ឆ្នាំ បានឡើងកាន់តំណែងបន្តវេនកាលពីខែឧសភា ឆ្នាំ២០២៤ ពីអតីតនាយករដ្ឋមន្ត្រី លោក Lee Hsien Loong ដែលជាកូនបង្កើតរបស់បិតាស្ថាបនិកសិង្ហបុរី លោក Lee Kuan Yew ដោយបានបិទបញ្ចប់ការដឹកនាំប្រទេសដោយគ្រួសារត្រកូល Lee ជាច្រើនទសវត្សរ៍មកនេះ។

គួរបញ្ជាក់ថា គណបក្ស PAP បានដឹកនាំប្រទេស និងឈ្នះអាសនៈភាគច្រើនស្ទើរតែគ្រប់ការបោះឆ្នោត ចាប់តាំងសិង្ហបុរីទទួលបានឯករាជ្យក្នុងឆ្នាំ១៩៦៥មក។ ការបោះឆ្នោតសកលនៅពេលខាងមុខនេះ នឹងមាន អាសនៈបន្ថែមច្រើនជាង ៤កៅអី បើធៀបទៅនឹងការបោះឆ្នោតសកលកាលពីឆ្នាំ២០២០៕