(វ៉ាស៊ីនតោន)៖ បេសកជនពិសេសរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លោក Steve Witkoff បាននិយាយកាលពីថ្ងៃចន្ទ ទី១៤ ខែមេសា ថាលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បើកចំហចំពោះ កិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ជាមួយអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ដូណាល់ ត្រាំ បាន និងកំពុងបញ្ចុះបញ្ចូលឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ យល់ព្រមទទួលយកបទឈប់បាញ់មួយ ប៉ុន្តែបានបរាជ័យក្នុងការទាញយកសម្បទានធំដុំណាមួយពីរុស្ស៉ី បើទោះជាមានជំនួបជាច្រើន លើកកន្លងមកនេះរវាងក្រុមមន្ត្រីអាមេរិក និងរុស្ស៉ីក៏ដោយ។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក Steve Witkoff បានជួបលោក ពូទីន ក្នុងទីក្រុង Saint Petersburg ដែលជាជំនួបលើកទី៣ រវាងអ្នកទាំង២ ចាប់តាំងពីលោក ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករាមក។ លោក Witkoff បានលើកឡើងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃចន្ទថាលោកមើលឃើញថា កិច្ចព្រមព្រៀងសន្តិភាពកំពុងផុសឡើង ហើយទីប្រឹក្សាសំខាន់២រូបរបស់លោក ពូទីន គឺលោក Yuri Ushakov និងលោក Kirill Dmitriev ក៏បានស្ថិតនៅក្នុងជំនួប ដ៏ញគួរឱ្យទាក់ទាញនោះដែរ។ លោកបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងរុស្ស៉ី និងសហរដ្ឋអាមេរិកក៏បានក្លាយជាផ្នែកមួយនៃកិច្ចចរចាផងដែរ។

គួរបញ្ជាក់ថា បើទោះជាការប្រឹងប្រែងខាងការទូតយ៉ាងខ្លាំងក៏ដោយ ក៏មកទល់នឹងពេលនេះមិនទាន់មានភាពរីកចម្រើនធំដុំអ្វីចំពោះគោលបំណងរបស់លោក ត្រាំ ក្នុងការស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែន នៅឡើយទេ។ កាលពីខែមីនា លោក ពូទីន បានទាត់ចោលសំណើរួមគ្នាមួយរវាងអាមេរិក និងអ៊ុយក្រែន ដែលទាមទារឱ្យមានបទឈប់បាញ់ពេញលេញមួយ និងដោយគ្មានលក្ខខណ្ឌ ដោយវិមានក្រឹមឡាំង បានយល់ព្រមទទួលយកឈប់បាញ់មួយផ្នែកប៉ុណ្ណោះនៅសមុទ្រខ្មៅ ជាថ្នូរទៅនឹងការដកទណ្ឌកម្មមួយចំនួនពីលោកខាងលិច៕