(ស៊ិដនី)៖ របាយការណ៍ថ្មីមួយជុំវិញការបាត់ដំណឹងរបស់ យន្តហោះនៃអាកាសចរណ៍ម៉ាឡេស៊ី MH370 ដែលចេញដោយទីភ្នាក់ងារស៊ើបអង្កេតសុវត្ថិភាព នៃប្រទេសអូស្រ្តាលីបានអះអាងថាយន្តហោះដែលផ្ទុកមនុស្ស ចំនួន២៣៩នាក់ ហើយបានដំណឹងសូន្យឈឹងកាលពីខែមីនា ឆ្នាំ២០១៤ នៅលើផ្លូវហោះហើរពីទីក្រុង គូឡាឡាំពួរ ទៅកាន់ទីក្រុងប៉េកាំងនោះ បានធ្លាក់ដាំក្បាលចុះសំដៅទៅក្នុងផ្ទៃសមុទ្រតែម្តង បន្ទាប់ពីអស់សាំង ហើយវាប្រៀបដូចជាគ្មានអ្នកបញ្ជាគ្រប់គ្រងឡើយ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។
របាយការណ៍របស់ការិយាល័យសុវត្ថិភាពគមនាគមន៍អូស្រ្តាលី ឬហៅកាត់ថា ATSB នៅថ្ងៃពុធនេះបាន លើកឡើងថា ការវិភាគយ៉ាងម៉ត់ចត់ទៅលើបំណែកស្លាប ដែលទើបតែត្រូវបានរកឃើញបានបង្ហាញថា យន្តហោះ MH370 មិនត្រូវបានពីឡុតបញ្ជាឲ្យធ្វើការចុះចតនោះឡើយ ហើយប្រព័ន្ធទាក់ទងតាមផ្កាយរណប ទៅលើយន្តហោះនោះ គឺត្រូវគ្នាជាមួយនឹងការសន្មត់ដែលថាវាបានធ្លាក់សំយ៉ុងចុះពីលើអាកាសតែម្តង នៅពេលដែលវាបានបាត់ចេញពីប្រព័ន្ធរ៉ាដា នៃអាកាសយានដ្ឋាន។
នាយកដឹកនាំបេសកម្មរុករករបស់ ATSB បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ក្រោយពីឆ្លងកាត់ការធ្វើកោសល្យវិច្ច័យយ៉ាងដិតដល់ គេពិនិត្យឃើញថាបន្ទះស្លាបរបស់យន្តហោះ MH370 បានស្ថិតនៅក្នុងស្ថានភាពមិនលាតត្រដាង ដែលមិនមែនសម្រាប់ត្រៀមធ្វើការចុះចតនោះឡើយ ពីព្រោះថា ពីឡុតត្រូវធ្វើការពន្លាតបន្ទះស្លាបយន្តហោះ ដើម្បីអនុញ្ញាតឲ្យវាធ្វើដំណើរក្នុងល្បឿនយឺតនៅមុនពេល អាចចុះចតបាន។ ដូច្នេះអ្នកអាចធ្វើការសន្និដ្ឋានដោយខ្លួនបានហើយថា តើនៅពេលនោះមានអ្នកបញ្ជា យន្តហោះដែរឬយ៉ាងណានោះ»។
គួរបញ្ជាក់ដែរថារបាយការណ៍ថ្មីខាងលើនេះ នៅតែមិនទាន់អាចបញ្ជាក់ភាពប្រាកដមួយភាគរាយនៅឡើយទេ ថាយន្តហោះដែលបាត់សញ្ញាដោយអាថ៌កំបាំងជាទីបំផុតនេះ បានធ្លាក់ដាំក្បាលចុះដោយគ្មានអ្នកបញ្ជាពិតមែន ឬយ៉ាងណា ដោយសារតែគេពុំអាចទាន់រកឃើញបំណែកយន្តហោះទាំងស្រុងនៅឡើយ។ ATSB របស់ អូស្ត្រាលី ក៏កំពុងពិភាក្សាផងដែរពីការត្រៀមរៀបចំការរុករកបំណែកយន្តហោះសាជាថ្មី៕