(គែរ)៖ ទូរទស្សន៍រដ្ឋអេហ្ស៉ីប Al Qahera News TV កាលពីថ្ងៃចន្ទ ទី១៤ ខែមេសា បានរាយការណ៍ថាក្រុមអ្នកសម្របសម្រួលអេហ្ស៉ីប និងកាតា បានបញ្ជូនសំណើថ្មីរបស់អ៉ីស្រាអែលសម្រាប់បទឈប់បាញ់ហ្កាហ្សា ទៅឱ្យក្រុមហាម៉ាស។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ហាម៉ាសម្នាក់បាននិយាយថាយ៉ាងហោចណាស់ មានលក្ខខណ្ឌចំនួន២នៃសំណើថ្មីនេះដែលហាម៉ាសមិនអាចទទួលយកបាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន Al Qahera បានឱ្យដឹងទៀតថានៅពេលនេះ ក្រុមអ្នកសម្របសម្រួលកិច្ចចរចាកំពុងរង់ចាំចម្លើយពីហាម៉ាស។ ក្រោយសេចក្ដីរាយការណ៍នេះដែរ ហាម៉ាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយ បាននិយាយថាខ្លួនកំពុងសិក្សាពីសំណើខាងលើ ហើយថានឹងផ្ដល់ចម្លើយទៅវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្រុមហាម៉ាសបានទទូចថាកិច្ចព្រមព្រៀងលើបទឈប់បាញ់ណាមួយត្រូវតែបិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា និងការដកកងទ័ពអ៉ីស្រាអែលទាំងស្រុង។
លោក Sami Abu Zuhri ជាមន្ត្រីជាន់ខ្ពស់ម្នាក់បានប្រាប់ Reuters ថាសំណើថ្មីរបស់អ៉ីស្រាអែលមិនបានបំពេញតាមតម្រូវការរបស់ហាម៉ាសដែលចង់ឱ្យអ៉ីស្រាអែលបិទបញ្ចប់សង្រ្គាមទាំងស្រុងនោះឡើយ។ នៅក្នុងសំណើខាងលើ អ៉ីស្រាអែលក៏បានអំពាវនាវជាលើកដំបូងផងដែរឱ្យហាម៉ាសរំសាយអាវុធ នៅក្នុងដំណាក់កាលបន្ទាប់នៃកិច្ចចរចា។ តែលោក Abu Zuhri បានអះអាងថាក្រុមហាម៉ាសនឹងមិនអាចទទួលយកសំណើនេះបានឡើយ។
គួរបញ្ជាក់ថា ភ្លាមៗ ខាងអ៉ីស្រាអែលមិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយទេ។ តាមភាគីអេហ្ស៉ីប និងប៉ាឡេស្ទីន កិច្ចចរចាចុងក្រោយបំផុតមួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅក្នុងទីក្រុងគែរ ដើម្បីស្ដារបទឈប់បាញ់ និងការដោះលែង ចំណាប់ខ្មាំងអ៉ីស្រាអែល បានបិទបញ្ចប់ទៅដោយគ្មានភាពរីកចម្រើនអ្វីឡើយ។ អ៉ីស្រាអែលបានអះអាងម្ដងហើយម្ដងទៀតថានឹងមិនបញ្ចប់សង្រ្គាមនោះទេ រហូតទាល់តែក្រុមហាម៉ាសត្រូវបានកម្ទេច ហើយចំណាប់ខ្មាំងទាំងអស់ ត្រូវបានដោះលែង៕