(សេអ៊ូល)៖ អភិបាលក្រុងសេអ៊ូល លោក ផាក វ៉ុន ស៊ូន ( Park Won Soon) ដែលគេជឿជាក់ថានឹងក្លាយ ជាបេក្ខភាពដ៏មានសក្ដានុពលម្នាក់នៅក្នុងការប្រកួតប្រជែងដំណែង ប្រធានាធិបតីកូរ៉េខាងត្បូងនៅឆ្នាំក្រោយ នេះបានប្រកាសជាផ្លូវការនៅថ្ងៃពុធនេះ ទាមទារឱ្យប្រធានាធិបតីលោកស្រី ផាក គឺនហេ ចុះចេញពីតំណែង បើទោះជាលោកស្រីទើបតែបានរុះរើគណរដ្ឋមន្ត្រី ដោយសាររឿងអាស្រូវរបស់លោកស្រីមិនទាន់ទាំងបានមួយថ្ងៃស្រួលបួលផងនោះក៏ដោយ។ នេះបើតាមការចុះផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូងយ៉ុនហាប់ នាព្រឹកថ្ងៃពុធ ទី០២ ខែវិចិ្ឆកា ឆ្នាំ២០១៦។
ក្នុងនាមជាអភិបាលក្រុងសេអ៊ូល ដែលមានប្រជាជនជាង១០លាននាក់រស់នៅ លោក វ៉ុន ស៊ូន បានថ្លែងថា «លោកស្រីផាក គួរតែចុះចេញពីដំណែងជាបន្ទាន់ ត្បិតលោកស្រីបានបាត់បង់សិទ្ធិអំណាច និងជំនឿទុកចិត្ត ពីប្រជាជនកូរ៉េខាងត្បូងទៅហើយ ដូច្នេះលោកស្រីមិនសាកសមធ្វើជាប្រធានាធិបតីទៀតនោះទេ ក្រោមហេតុ ផលនៃកំហុសវិជ្ជាជីវៈរបស់លោកស្រី»។
ជាងនេះទៅទៀតអភិបាលក្រុងសេអ៊ូលរូបនេះ ក៏បានសង្កត់ធ្ងន់ថា លោកស្រី ផាក គឺនហេ គួរតែប្រឈមមុខ នឹងការស៊ើបអង្កេត ហើយចំពោះការរុះរើគណរដ្ឋមន្ត្រីរបស់លោកស្រីដោយសារតែ រឿងអាស្រូវរបស់ខ្លួនឯង ផ្ទាល់គឺជារឿងគួរឱ្យសោកស្ដាយ ដែលនឹងធ្វើឱ្យសារធារណជនកូរ៉េខាងត្បូង ផ្ទុះកំហឹងកាន់តែខ្លំាងប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថារឿងអាស្រូវរវាងលោកស្រីផាក គឺនហេ និងស្រ្តីឈ្មោះ ឆយ ស៊ូនស៊ីល ដែលជាមិត្តស្និតជិត ៤០ឆ្នាំមកនេះរបស់លោកស្រី បានធ្វើឲ្យអាណត្តិប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ទទួលរង ផលប៉ះពាល់យ៉ាងខ្លាំង ហើយវាបានបង្ខំឲ្យប្រជាជនក្នុងទីក្រុងសេអ៊ូលទាំងមូល ធ្វើបាតុកម្មតវ៉ាកាលពីសប្ដាហ៍ មុនទាមទារចង់ឲ្យលោកស្រីចុះចេញពីតំណែងទៀតផង។ បន្ថែមពីនេះរដ្ឋអាជ្ញាធរក៏បានសម្រេចឃុំខ្លួន លោកស្រី ឆយ រួចមកហើយដែរកាលពីថ្ងៃអង្គារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត៕