(វ៉ាស៊ីនតោន)៖ ខណៈកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំង ផ្នែកព័ត៌មានវិទ្យាជាមួយសហរដ្ឋអាមេរិក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានដាក់គោលដៅថ្មីមួយទៀតទៅលើក្រុមហ៊ុន Microsoft តាមរយៈ ការគាំទ្រផែនការបិទ ឬគ្រប់គ្រងរាល់ប្រព័ន្ធកម្មវិធីព័ត៌មានវិទ្យា របស់បណ្ដាក្រុមហ៊ុនបរទេសដោយជំនួសមក វិញនូវកម្មវិធីផលិតឡើងដោយរុស្ស៊ីផ្ទាល់។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបការសម្ងាត់អាមេរិក ដែលចុះផ្សាយដោយសារព័ត៌មាន NBC News នៅព្រឹកថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។
ប្រភពដដែលបានឱ្យដឹងទៀតថា លោក ពូទីន បានដាក់គោលដៅលើក្រុមហ៊ុន Microsoft ព្រោះ Microsoft គឺជាក្រុមហ៊ុនដ៏ធំមួយផ្នែកព័ត៌មានវិទ្យារបស់សហរដ្ឋអាមេរិក ដូច្នេះទើបលោកយល់ថា Microsoft អាចនឹង សហការជាមួយទីភ្នាក់ងារចារកម្មអាមេរិក ដើម្បីធ្វើស៊ើបការណ៍សម្ងាត់លើរុស្ស៊ី។ បន្ថែមពីលើនេះក្រុមមន្ត្រី ជាន់ខ្ពស់ផ្នែកស៊ើបការសម្ងាត់របស់អាមេរិក ក៏បានអះអាងដែរថា រុស្ស៊ីគឺជាអ្នកនៅពីក្រោយខ្នងការវាយប្រហារ ព័ត៌មានវិទ្យាលើ Email របស់ក្រុមមន្ត្រីនៃគណបក្សប្រជាធិបតេយ្យ។
ព្រមពេលជាមួយគ្នានេះដែរ នាយកកិច្ចការទូទៅក្រុមហ៊ុន Microsoft លោក Dominic Carr បានបដិសេធ ដោយប្រាប់ NBC News ថា «ក្រុមហ៊ុន Microsoft មិនបានធ្វើការរួមគ្នាជាមួយនឹង រដ្ឋាភិបាលអាមេរិក ពាក់ព័ន្ធនឹងការធ្វើចារកម្មនោះទេ ហើយយើងក៏មិនដែលបានធ្វើរឿងបែបនេះដែរ»។ គួរបញ្ជាក់ថាកាលពី សប្ដាហ៍មុនរដ្ឋាភិបាលរុស្ស៊ី បានបិទជាស្ថាពរបណ្ដាញទំនាក់ទំនងសង្គម LinkedIn ដែលមានមូលដ្ឋាន នៅក្នុងសហរដ្ឋអាមេរិក និងកំពុងស្ថិតនៅក្រោមនីរិវិធីទិញយកពីសំណាក់ក្រុមហ៊ុន Microsoft៕