លោក ដូណាល់ ត្រាំ គ្រោងប្រកាសពន្ធគយលើវិស័យបន្ទះឈីប អំឡុងពេលមួយសប្តាហ៍ខាងមុខ (Video inside)
14-04-2025 10:20
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី១៣ ខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងប្រកាសពន្ធគយថ្មីលើវិស័យបន្ទះឈីប (semiconductor) អំឡុងពេលមួយសប្តាហ៍ខាងមុខនេះ ខណៈរូបលោកនៅតែបន្តជំរុញការដំឡើងពន្ធគយ ដើម្បីព្យាយាមដោះស្រាយបញ្ហាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។
លោក ត្រាំ បាននិយាយដូច្នេះថា «ពន្ធគយថ្មីនឹងត្រូវអនុវត្តក្នុងពេលឆាប់ៗ» ដោយលោកសំដៅលើពន្ធនាំចូលលើវិស័យបន្ទះឈីប ដែលនឹងត្រូវរងវិធានការស្រដៀងគ្នា ដូចវិស័យដែកថែប អាលុយមីញ៉ូម និងរថយន្តដែរ។ នៅពេលត្រូវបានសាកសួរថា តើពន្ធបន្ទះឈីបនោះនឹងមានអត្រាប៉ុន្មាន លោកប្រធានាធិបតីអាមេរិក បានឆ្លើយតបថា «ខ្ញុំនឹងប្រកាសវា អំឡុងពេលមួយសប្តាហ៍ខាងមុខនេះ»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ អាមេរិកបានប្រកាសលើកលែង ផលិតផលស្មាតហ្វូន កុំព្យូទ័រ និងគ្រឿងអេឡិកត្រូនិកផ្សេងទៀត ពីពន្ធគយបដិការ (reciprocal tariff) ដ៏ខ្ពស់ ដែលបានដាក់ទៅលើប្រទេសចិន។ កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានអះអាងថា វាមិនមែនជាការលើកលែងទេ ដោយគ្រាន់តែផលិតផលទាំងនោះ នឹងត្រូវដាក់ទៅក្នុងក្រុមពន្ធគយផ្សេងវិញ ហើយលោកបានសន្យាថា នឹងមានការស៉ើបអង្កេតពាណិជ្ជកម្មសន្តិសុខជាតិ លើវិស័យបន្ទះឈីប ក៏ដូចជាខ្សែចង្វាក់ផ្គត់ផ្គង់គ្រឿងអេឡិកត្រូនិកទាំងមូល៕