(រីយ៉ាដ)៖ រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក លោក Chris Wright នៅថ្ងៃអាទិត្យនេះបានថ្លែងថា សហរដ្ឋអាមេរិកនិងអារ៉ាប៊ីសាអូឌីត នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមមួយ ដើម្បីសហការលើមហិច្ឆតារបស់អារ៉ាប៊ីសាអូឌីត ក្នុងការអភិវឌ្ឍឧស្សាហកម្មនុយក្លេអ៊ែរស៊ីវិល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Wright បានធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជំនួបជាមួយសមភាគីអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Salman ដោយបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន និងរីយ៉ាដ កំពុងស្ថិតនៅលើ «ផ្លូវ» ដើម្បីឈានដល់កិច្ចព្រមព្រៀងសហប្រតិបត្តិការមួយ ខណៈព័ត៌មានលម្អិតបន្ថែមស្តីពីអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការនេះ នឹងត្រូវបង្ហាញនៅចុងឆ្នាំនេះ។

ទន្ធឹមនឹងនេះ រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិករូបនេះ បានគូសបញ្ជាក់ពីសារៈសំខាន់នៃ «កិច្ចព្រមព្រៀង ១២៣» ដែលសំដៅលើផ្នែកទី១២៣ នៃច្បាប់ថាមពលអាតូមិករបស់សហរដ្ឋអាមេរិកឆ្នាំ ១៩៥៤ ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់រដ្ឋាភិបាល និងក្រុមហ៊ុនអាមេរិក ក្នុងការចូលរួមអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរស៊ីវិលនៅអារ៉ាប៊ីសាអូឌីត។

កិច្ចព្រមព្រៀង១២៣ តម្រូវឲ្យប្រទេសដៃគូគោរពតាមលក្ខខណ្ឌមិនរីកសាយភាយអាវុធនុយក្លេអ៊ែរចំនួនប្រាំបួន ដើម្បីទប់ស្កាត់ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់បង្កើតអាវុធ។ កន្លងមក ការពិភាក្សាលើបញ្ហានេះមានភាពស្មុគស្មាញ ដោយសារអារ៉ាប៊ីសាអូឌីតមិនចង់បោះបង់សិទ្ធិក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ឬកែច្នៃឥន្ធនៈដែលប្រើប្រាស់រួច ដែលជាផ្លូវអាចនាំទៅដល់ការផលិតគ្រាប់បែកនុយក្លេអ៊ែរឡើយ។

ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman ធ្លាប់បានមានបន្ទូលថា ប្រសិនបើអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ អារ៉ាប៊ីសាអូឌីតក៏នឹងធ្វើតាមដែរ ដែលបង្កការព្រួយបារម្ភដល់អ្នកជំនាញគ្រប់គ្រងអាវុធ និងសមាជិកសភាអាមេរិកមួយចំនួន។ ទោះជាយ៉ាងណា កម្មវិធីនុយក្លេអ៊ែរស៊ីវិលនេះ គឺជាផ្នែកមួយដ៏សំខាន់នៃផែនការចក្ខុវិស័យជាតិ ២០៣០ របស់អារ៉ាប៊ីសាអូឌីត ក្នុងគោលដៅធ្វើពិពិធកម្មប្រភពថាមពលរបស់ខ្លួន ឲ្យហួសពីប្រេងឥន្ធនៈ និងឆ្ពោះទៅរកថាមពលស្អាត។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នៅពេលសម្រេចបាន នឹងបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស និងពាណិជ្ជកម្មកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងវិស័យថាមពលនុយក្លេអ៊ែរ៕