(ហាណូយ)៖ ក្លឹបច្រៀងកម្សាន្តមួយកន្លែងនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម បានឆាបឆេះយ៉ាងខ្លាំង និងឆក់យកជីវិតមនុស្ស១៣នាក់ ព្រមទាំងបានបង្ករបួសមន្ត្រីប៉ូលិសពីរនាក់ផ្សេងទៀត ខណៈមនុស្សស្លាប់ ភាគច្រើនជាភ្លៀវ និងអ្នកបម្រើការងារនៅក្នុងនោះតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។
ការឆេះក្លឹបកម្សាន្តខាងលើនេះបានកើតឡើងនៅល្ងាចថ្ងៃអង្គារ នៅក្នុងសង្កាត់ Cau Giay ដ៏មមាញឹកបំផុត ក្នុងរដ្ឋធានីហាណូយ ហើយវាក៏បានរីករាលដាលទៅកាន់អគារស្នាក់នៅ របស់ប្រជាពលរដ្ឋមួយចំនួន ដែលស្ថិតនៅក្បែរក្លឹបនោះផងដែរ។ តាមរូបភាពពីបណ្តាញព័ត៌មាន AFP គេសង្កេតឃើញផ្សែងហុយខ្លាំង ចេញពីអគារដែលមានកម្ពស់ ៦ជាន់ ខណៈក្រុមពន្លត់អគ្គីភ័យជាង ១០០នាក់បានចូលរួមពន្លត់។
រហូតមកដល់ពេលនេះគេនៅមិនទាន់ដឹងពីមូលហេតុនៃការឆាបឆេះនេះនៅឡើយទេ ប៉ុន្តែនាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានចេញបញ្ជាឲ្យប៉ូលិសធ្វើការស៊ើបអង្កេត ករណីនេះជាបន្ទាន់។ ដោយឡែកហាងខារ៉ាអូខេ និងក្លឹបកម្សាន្តនានា ត្រូវតែទទួលការត្រួតពិនិត្យដោយអាជ្ញាធរដើម្បីធានាបាននូវ សុវត្ថិភាពតាមស្តង់ដារដែលបានកំណត់៕