(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក Fox Business News នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួនតាមរយៈ ការបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនពីររូប ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណបានឱ្យដឹងថា កូរ៉េខាងជើងកំពុងត្រៀមខ្លួនបាញ់សាកល្បងជាថ្មីម្ដងទៀត នូវគ្រាប់មីស៊ីលផ្លោងរយៈចំងាយមធ្យម Musudan នាពេល៣ថ្ងៃខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូងយ៉ុនហាប់ នាព្រឹកថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមប្រភពដដែលឲ្យដឹងថាទីក្រុងព្យុងយ៉ាង អាចនឹងដឹកនាំការបាញ់សាកល្បងនេះ នៅរយៈពេល ២៤ ឬ៧២ម៉ោងខាងមុខ ដែលនេះនឹងក្លាយជាការបាញ់សាកល្បងមីស៊ីល Musudan ជាលើកទី៩របស់ កូរ៉េខាងជើងនៅក្នុងឆ្នាំ២០១៦។ ដោយឡែកជុំវិញសេចក្ដីរាយកាណ៍នេះដែរ ក្រសួងការពារជាតិ កូរ៉េខាងត្បូងមិនទាន់ទទួលស្គាល់នៅឡើយទេ ដោយរង់ចាំការតាមដានភាពច្បាស់ការជាមុនសិន។
គួររំលឹកថា កាលពីខែតុលា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល Musudan ចំនួនពីរលើកគឺនៅថ្ងៃទី១៥ និងថ្ងៃទី២០ ខែតុលា ខណៈកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានអះអាងថាការបាញ់សាកល្បងនេះបាន បរាជ័យ។ ប៉ុន្តែយ៉ាងណាក៏ដោយវាបានបង្ហាញរួចទៅហើយ ថាការអភិវឌ្ឈន៍មីស៊ីល និងអាវុធនុយក្លេអ៊ែ របស់ទីក្រុងព្យុងយ៉ាង កំពុងរីកចំរើនទៅមុខជាក់ស្ដែង នៅក្នុងចំណោមការបាញ់សាកល្បងមីស៊ីលទាំង៨លើក មកនេះគេឃើញកូរ៉េខាងជើង បានទទួលបានជោគជ័យកាលពីខែមិថុនា នៅក្នុងការបាញ់សាកល្បងមីស៊ីល ដែលគេជឿជាក់ថាអាចបាញ់ទៅដល់មូលដ្ឋានទ័ពអាមេរិកនៅឯកោះ ហ្គាំ(Guam) នៃតំបន់ប៉ាស៊ីហ្វិក៕