(តូក្យូ)៖ រដ្ឋាភិបាលជប៉ុននៅថ្ងៃអង្គារនេះ បានសម្រេចចិត្តដាក់បន្ថែមរយៈពេល ចំនួនបីខែទៀតដើម្បីឲ្យ កងកម្លាំងស្វ័យការពារត្រៀមប្រចាំការ និងបាញ់ទម្លាក់រាល់គ្រាប់មីស៊ីល ដែលអាចនឹងបាញ់ចេញពីសំណាក់ ប្រទេសកូរ៉េខាងជើង សំដៅមកក្នុងទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៦។
ការដាក់បញ្ជាឲ្យប្រចាំការនេះត្រូវបានដាក់ចេញជាសម្ងាត់ ដោយរដ្ឋមន្រ្តីការពារជាតិជប៉ុនលោកស្រី Tomomi Inada កាលពីខែសីហាកន្លងទៅ ក្នុងគោលបំណងធានាឲ្យបានថា កងកម្លាំងការពារជាតិជប៉ុន (SDF) អាចត្រៀមខ្លួនជាស្រេចក្នុងបាញ់ស្កាត់គ្រាប់មីស៊ីលបាននៅគ្រប់ពេលវេលា ខណៈការប្រើជើងទម្របាញ់ចល័ត របស់កូរ៉េខាងជើង អាចនឹងធ្វើឲ្យការបាញ់មីស៊ីល របស់ប្រទេសមួយនេះពិបាកក្នុងការចាប់យក សញ្ញាទុកបានមុនណាស់។
គួរបញ្ជាក់ដែរថា ជប៉ុនបានចេញបញ្ជាឲ្យមានការចាំបាញ់ស្ទាក់មីស៊ីលរបស់កូរ៉េខាងជើង ជាលើកដំបូងបំផុត កាលពីឆ្នាំ២០០៩ នៅពេលដែលទីក្រុងព្យុងយ៉ាង បានបង្ហោះមីស៊ីលមួយគ្រាប់ ដែលកាលនោះទំនងជាត្រូវបាន ធ្វើឡើងដើម្បីបញ្ជូនផ្កាយរណបទៅកាន់គន្លងគោចរជុំវិញផែនដី៕