(វ៉ាស៊ីនតោន)៖ ក្រុមអ្នកស្រាវជ្រាវមកពីសាកវិទ្យាល័យ Washington នៅក្នុងរបាយការណ៍សិក្សារបស់ខ្លួន ចុះផ្សាយនៅលើទស្សនាវដ្ដី Nature បាននិយាយថាវីរុស Zika បានបំផ្លាញនិងកាត់បន្ថយចំនួនមេជីវិត ឈ្មោលរបស់សត្វកណ្ដុរឈ្មោល ដែលត្រូវបានគេយកមកពិសោធន៍ដែលនេះបានក្លាយជាកម្មវត្ថុសិក្សាយ៉ាង សំខាន់ដើម្បីកំណត់ថា តើករណីបែបនេះអាចកើតលើមនុស្សដែរឬទេ? នេះបើយោងតាមការចេញផ្សាយរបស់ សារពត៌មានជប៉ុន NHK នៅរសៀលថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២១០៦។
យោងតាមក្រុមអ្នកស្រាវជ្រាវខាងលើ តាមរយៈការចាក់បញ្ចូលវីរុស Zika ទៅក្នុងខ្លួនសត្វកណ្ដុរឈ្មោល គេ សង្កេតឃើញថា រយៈពេលពីរសប្ដាហ៍ក្រោយមកអ័រម៉ូន និងមេជីវិតឈ្មោលរបស់សត្វកណ្ដុរពិសោធន៍បាន ធ្លាក់ចុះគួរឱ្យកត់សម្គាល់ ពោលគឺវាអាចមានលទ្ធភាពបង្ករកំណើតត្រឹមតែ ២០% បើធៀបទៅនឹងសត្វកណ្ដុរ ធម្មតាដោយសារតែកោសិកាមេជីវិតឈ្មោលរបស់វាត្រូវបានបំផ្លាញ។ ក៏ប៉ុន្តែទន្ទឹមគ្នានោះដែរក្រុមអ្នកស្រាវ ជ្រាវមកពីសាកវិទ្យាល័យ Washington មិនទាន់អាចបញ្ជាក់ ឬសន្និដ្ឋានបាននៅឡើយទេថាតើករណីបែបនេះ អាចកើតលើមនុស្សដែរឬយ៉ាងណាទេ ដោយគ្រាន់តែអះអាងថាពួកគេត្រូវការពេលវេលាសិក្សាបន្ថែមទៀត។
គួររំលឹកថាបើតាមអង្គការសុខភាពពិភពលោក វីរុស Zika កំពុងរីករាលដាលនៅក្នុងប្រទេស និងដែនដីចំនួន៧៣ គិតចាប់តំាងពីឆ្នាំ២០១៥ ជាពិសេសនៅតំបន់អាមេរិកខាងត្បូង និងតំបន់អាស៊ីអាគ្នេយ៍។ Zika ជា វីរុសមួយប្រភេទឆ្លងតាមរយៈមូសខ្លាខាំ ហើយមានអាត្រាបណ្ដាលឱ្យអ្នកជំងឺស្លាប់ក្នុងកំរិតទាប ប៉ុន្តែបើសិនជា វីរុសនេះកើតលើស្ត្រីមានផ្ទៃពោះ វាអាចបណ្ដាលឱ្យទារកកើតមកមានក្បាលតូចខុសពីធម្មតា៕