Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជាសារផ្ញើទៅកាន់រុស្ស៉ី អង់គ្លេសនិងអាល្លឺម៉ង់ និយាយថា អ៊ុយក្រែននឹងនៅតែមានសមត្ថភាពប្រយុទ្ធលើសមរភូមិ ក្រោមការបន្តគាំទ្រពីលោកខាងលិច (Video inside)

12-04-2025 10:27

(ព្រុចសែល)៖ កាលពីថ្ងៃសុក្រ ទី១១ ខែមេសា ចក្រភពអង់គ្លេសនិងអាល្លឺម៉ង់ បានរួមគ្នាផ្ញើសារទៅកាន់រុស្ស៉ី ដោយនិយាយថា អ៊ុយក្រែននឹងនៅតែបន្តរក្សាសមត្ថភាពប្រយុទ្ធ នៅលើសមរភូមិ ក្រោមការបន្តជួយជ្រោមជ្រែងពីក្រុមលោកខាងលិច បើទោះបីជា​សហរដ្ឋអាមេរិក ឈ្មុសឈ្មុលជំរុញកិច្ចពិភាក្សាជាមួយទីក្រុងមូស្គូក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

មហាអំណាចអឺរ៉ុបទាំងពីរ ជាលើកដំបូងបំផុត បានរួមគ្នាដឹកនាំកិច្ចប្រជុំនៃក្រុមហៅថា Ramstein ជាក្រុមប្រទេសប្រមាណ៥០ ដែលផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានសម្រេចដកខ្លួនពីការដឹកនាំ ហើយអង់គ្លេសនិងអាល្លឺម៉ង់ បាននិយាយថា ពួកគេហាក់មើលមិនឃើញសញ្ញា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ត្រៀមខ្លួនរួចរាល់សម្រាប់សន្តិភាពឡើយ។ ទន្ទឹមគ្នានោះ បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក Steve Witkoff បានធ្វើដំណើរទៅដល់ប្រទេសរុស្ស៉ី ហើយជួបពិភាក្សាជាមួយលោក ពូទីន។

ក្រុម Ramstein ដែលមានឈ្មោះផ្លូវការហៅថា Ukraine Defense Contact Group ត្រូវបានផ្តួចផ្តើមបង្កើតឡើងដំបូងដោយសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលអតីតប្រធានាធិបតី លោក ចូ បៃដិន ដើម្បីសម្របសម្រួលជំនួយយោធាទៅអ៊ុយក្រែន និង​ជំរុញការបង្កើនជំនួយទាំងនោះ។ ប៉ុន្តែមកដល់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបានដាក់អនាគតនៃការគាំទ្រយោធាសម្រាប់​អ៊ុយក្រែន ឱ្យស្ថិតក្នុងភាពស្រពេចស្រពិល ស្របពេលដែលខ្លួនដាក់សម្ពាធឱ្យភាគីជម្លោះទាំងសងខាងស្វែងរកសន្តិភាព និងព្យាយាមបិទបញ្ចប់​ភាពឯកោរបស់រុស្ស៉ី សហរដ្ឋអាមេរិក បានបោះជំហានថយចេញពីតួនាទី ជាអ្នកដឹកនាំក្រុម Ramstein។

រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius និងសមភាគីអង់គ្លេស លោក John Healey បានព្យាយាមធានាអះអាងចំពោះអ៊ុយក្រែនថា ការគាំទ្រផ្នែកយោធា ពីសំណាក់ក្រុមលោកខាងលិច នឹងនៅតែបន្ត។ លោក Pistorius បាននិយាយថា «រុស្ស៉ីចាំបាច់ត្រូវដឹងថា អ៊ុយក្រែននឹងនៅតែមានសមត្ថភាពប្រយុទ្ធ ហើយយើងនឹងបន្តគាំទ្រ​អ៊ុយក្រែន... អ៊ុយក្រែនអាចពឹងពាក់យើងបានជានិច្ច»។ រីឯលោក Healey បាននិយាយថា «ឆ្នាំនេះគឺជាពេលដ៏សំខាន់មួយ ហើយយើងចង់ប្រាប់អ៊ុយក្រែនថា ពួកយើងនឹងឈរនៅជាមួយអ្នក ទាំងក្នុងការប្រយុទ្ធ និងនៅក្នុងសន្តិភាព»