Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ បញ្ជាក់ថា អ៉ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាត ខណៈកិច្ចពិភាក្សាកម្រិតខ្ពស់អាមេរិក-អ៉ីរ៉ង់ ត្រៀមប្រព្រឹត្តទៅនៅប្រទេសអូម៉ង់ (Video inside)

12-04-2025 10:04

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី១១ ខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៉ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាត មុនកិច្ចពិភាក្សាកម្រិតខ្ពស់ដ៏សំខាន់មួយ នាចុងសប្តាហ៍នេះ រវាងប្រទេសទាំងពីរ ស្តីពីបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One លោក ត្រាំ បាននិយាយដូច្នេះថា «ខ្ញុំចង់ឱ្យអ៉ីរ៉ង់ក្លាយជាប្រទេសអច្ឆរិយអស្ចារ្យមួយ និងពោរពេញដោយភាពរីករាយ ប៉ុន្តែដាច់ខាតពួកគេមិនអាចមានអាវុធនុយក្លេអ៊ែរឡើយ» ខណៈនៅថ្ងៃសៅរ៍នេះ បេសកជនពិសេសរបស់លោក គឺលោក Steve Witkoff នឹងត្រូវបើកកិច្ចពិភាក្សាជាមួយ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi នៅឯប្រទេសអូម៉ង់។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ លោក​ ត្រាំ បានព្រមានម្តងទៀតអំពីលទ្ធភាពប្រើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់ ប្រសិនបើ​កិច្ចពិភាក្សាជុំវិញបញ្ហានុយក្លេអ៊ែរ មិនអាចឆ្ពោះទៅសម្រេចបានកិច្ចព្រមព្រៀង។ ទីក្រុងតេហេរ៉ង់ បាននិយាយថា ខ្លួនសុខចិត្តផ្តល់​ឱកាសពិតប្រាកដមួយ ដល់កិច្ចប្រឹងប្រែងតាមផ្នែកការទូត ក្នុងការចរចាជាមួយអាមេរិក ទោះបីនៅចំពោះមុខការបន្តដាក់សម្ពាធពី​ទីក្រុងវ៉ាស៉ីនតោនក៏ដោយ៕