កូរ៉េខាងត្បូង បញ្ជូនឧទ្ធម្ភាគចក្រទៅកាន់តំបន់ព្រំដែនអន្តរកូរ៉េ ដើម្បីពន្លត់ភ្លើងឆេះព្រៃ (Video inside)
11-04-2025 16:12
(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានដាក់ពង្រាយឧទ្ធម្ភាគចក្រ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ នៅក្នុងតំបន់គ្មានយោធា (DMZ) ដែលជាទីតាំងខណ្ឌចែកជាមួយកូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ ២០២៥។
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា មូលហេតុនៃភ្លើងឆេះ កាលពីរសៀលថ្ងៃព្រហស្បតិ៍ នៅតំបន់ Goseong ខេត្ត Gangwon ក្នុងតំបន់គ្មានយោធានោះ មិនទាន់ដឹងនៅឡើយទេ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រពន្លត់ ចំនួនពីរគ្រឿង មកពីភ្នាក់ងារព្រៃឈើកូរ៉េ ត្រូវបានដាក់ពង្រាយដើម្បីពន្លត់ភ្លើងឆេះព្រៃ។ មិនមានរបាយការណ៍អំពីការខូចខាតដល់បុគ្គលិក ឬហេដ្ឋារចនាសម្ព័ន្ធនៅខាងកូរ៉េខាងត្បូងនោះទេ។
គួរបញ្ជាក់ថា ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីកូរ៉េខាងត្បូង បានទទួលរងនូវភ្លើងឆេះព្រៃដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រ កាលពីខែមុន និងដែលបានឆក់យកជីវិតមនុស្សច្រើនជាង ៣០នាក់នៅភាគអាគ្នេយ៍នៃប្រទេស៕