Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងជម្លោះអំពីបញ្ហាទឹកប្រើប្រាស់ជាមួយម៉ិកស៉ិក លោក ត្រាំ គំរាមដាក់ពន្ធកាន់តែខ្លាំង (Video inside)

11-04-2025 15:35

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមម៉ិកស៉ិកពីការកើនឡើងនូវផលវិបាកពាណិជ្ជកម្ម លុះត្រាតែប្រទេសនេះផ្គត់ផ្គង់ទឹកបន្ថែមទៀតដល់រដ្ឋ Texas ក្រោមសន្ធិសញ្ញាអាយុកាលរាប់ទសវត្សរ៍ ដែលឥឡូវនេះ កំពុងមានបញ្ហា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ ២០២៥។

តាមបណ្តាញសង្គម Truth Social លោក ត្រាំ និយាយថា ម៉ិកស៉ិកបានលួចទឹកពីកសិករនៅរដ្ឋ Texas ហើយកាលពីឆ្នាំមុន រោងចក្រផលិតស្ករតែមួយគត់នៅរដ្ឋនេះ បានបិទទ្វារដោយសារកង្វះខាតទឹក។ លោកបានអះអាងថា ម៉ិកស៉ិក កំពុងរំលោភសន្ធិសញ្ញាឆ្នាំ ១៩៤៤ ដោយសហរដ្ឋអាមេរិក មានចំណែកប្រើប្រាស់ប្រភពទឹកមកពីទន្លេ Colorado ដែលហូរចេញពីទន្លេ Rio Grande និងជាផ្នែកមួយនៃព្រំដែនរវាងប្រទេសទាំងពីរ។ លោក ត្រាំ បានគំរាមថា «យើងនឹងបន្តបង្កើនផលវិបាក រួមទាំងពន្ធគយ និងសូម្បីតែជម្រើសប្រើទណ្ឌកម្ម រហូតដល់ម៉ិកស៉ិកគោរពសន្ធិសញ្ញា»។

បើតាមគណៈកម្មការព្រំដែន និងទឹករបស់ប្រទេសទាំងពីរ សន្ធិសញ្ញាបច្ចុប្បន្ននឹងផុតកំណត់នៅខែតុលា ហើយម៉ិកស៉ិក ជំពាក់ទឹកអាមេរិកច្រើនជាង ១.៥៥ពាន់លានម៉ែត្រគូប។ ប្រធានាធិបតីលោកស្រី Claudia Sheinbaum បាននិយាយថា រដ្ឋាភិបាលម៉ិកស៉ិកបាននិងកំពុងអនុវត្តតាមសន្ធិសញ្ញា ក្រោមលក្ខខណ្ឌនៃគ្រោះរាំងស្ងួត ដែលបន្តប៉ះពាល់ដល់ វិសាលភាពនៃទឹក៕