(មូស្គូ)៖ មជ្ឈមណ្ឌលស្រាវជ្រាវមតិសាធារណៈរុស្ស៊ី Levada តាមរយៈការស្ទង់មតិរបស់ខ្លួនបានចេញផ្សាយ ឱ្យដឹងថាប្រជាជនរុស្ស៊ីម្នាក់ក្នុងចំណោមពីរនាក់ជឿជាក់ថា សង្រ្គាមលោកលើកទី៣ អាចនឹងផ្ទុះឡើងរវាង ទីក្រុងមូស្គូ និងលោកខាងលិច​ដោយសារតែសង្រ្គាមនៅក្នុងប្រទេសស៊ីរី។ ក៏ប៉ុន្តែទន្ទឹមគ្នានោះដែរប្រជាជន រុស្ស៊ី៥២% នៅតែគាំទ្រដល់ប្រតិបតិ្តយោធារបស់ទីក្រុងមូស្គូ នៅស៊ីរី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៦។

ការស្ទង់មតិរបស់មជ្ឈមណ្ឌល Levada ធ្វើឡើងនៅក្នុងបរិបទដែលពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខនឹង វិបត្តិជាច្រើនក្នុងនោះរួមមាន សង្រ្គាមនៅស៊ីរី, អ៊ីរ៉ាក់, នៅភាគខាងកើតប្រទេសអ៊ុយក្រែន ក៏ដូចជាភាពតានតឹង រវាងរុស្ស៊ី និងអង្គការ NATO ព្រមទំាងភាពតានតឹងនៅសមុទ្រចិនខាងត្បូង និង ឧបទ្វីបកូរ៉េជាដើម​ ដែលទំាងនេះត្រូវបានក្រុមអ្នកជំនាញមួយចំនួន ជាពិសេសប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាស្សាដ មើលឃើញថាវាជាសញ្ញាណនំាពិភពលោក ឆ្ពោះទៅរកមាត់ជ្រោះនៃសង្រ្គាមត្រជាក់ និងសង្រ្គាមលោក លើកទី៣។

ម្យ៉ាងវិញទៀតយោងតាមការស្ទង់មតិរបស់ Levada ប្រជាជនរុស្ស៊ី ៤៨% យល់ថាសង្រ្គាមលោកលើកទី៣ អាចនឹងផ្ទុះឡើងនៅពេលអានាគតរវាងរុស្ស៊ី និងលោកខាងលិចខណៈ៣៥% ជឿថាប្រទេសរុស្ស៊ី និងលោកខាងលិច អាចស្វែងរកដំណោះស្រាយសម្រាប់ស៊ីរី ចំណែកឯ៣៩% ជំទាស់នឹង ការយល់ឃើញបែបនេះ និង១០%​មិនបានបញ្ចេញយោបល់របស់ពួកគេនោះឡើយ។
 
គួរបញ្ជាក់ថារុស្ស៊ីបានលូកដៃចូលទៅក្នុងសង្រ្គាមស៊ីរីនៅឆ្នាំ២០១៥ ដើម្បីគំាទ្ររដ្ឋាភិបាលរបស់ប្រធានាធិបតី ស៊ីរីលោក បាហ្សា អាល់អាស្សាដ ក្នុងការប្រយុទ្ធប្រឆំាងនឹងក្រុមប្រឆាំងស៊ីរី និងពួក ISIS​៕