(ហ្សាកាតា)៖ ភ្នាក់ងារជួយសង្រ្គោះប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃអង្គារនេះ បានរកឃើញហើយសាកសពមនុស្ស ចំនួនបួននាក់ដែលស្ថិតនៅលើយន្តហោះដឹកជញ្ជូនមួយគ្រឿង ដែលត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីអះអាងថា បានដាច់វិទ្យុទាក់ទងនៅថ្ងៃអាទិត្យលើដែនអាកាសនៃខេត្ត Papua ភាគខាងកើតប្រទេសនោះហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៦។
ប្រធានទីភ្នាក់ងាររុករក និងជួយសង្រ្គោះនៃប្រទេសឥណ្ឌូណេស៊ី លោក Henry Bambang Soelistyo បានឲ្យដឹងថាយន្តហោះខាងលើត្រូវបានគេប្រទះឃើញនៅជម្រាលភ្នំ Jayawijaya ក្នុងខេត្ត Papau ហើយសាកសពជនរងគ្រោះទាំងបួនរូបត្រូវបានគេបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យក្រុង Timika ដើម្បីឆ្លងកាត់នីតិវិធីនៃការកំណត់អត្តសញ្ញាណ។
យន្តហោះដឹកជញ្ជូន DHC-4 Caribou ដែលបានធ្លាក់ត្រូវបានគេរាយការណ៍ថាបានដាច់វិទ្យុទាក់ទង នៅយប់ថ្ងៃអាទិត្យ សប្តាហ៍មុនអំឡុងពេលជើងហោះហើររបស់វាពីក្រុង Timika ទៅកាន់ទីជនបទ Illaga ហើយត្រូវបានប្រកាសថា បាត់ដំណឹងដោយអាជ្ញាធរឥណ្ឌូណេស៊ីនៅថ្ងៃចន្ទម្សិលមិញនេះ។
គួរបញ្ជាក់ដែរថា ដោយសារតែសណ្ឋានដីពោរពេញទៅដោយជួរភ្នំ និងព្រៃឈើ យន្តហោះគឺជាមធ្យោបាយ តែមួយគត់ដែលសក្តិសមក្នុងការដឹកជញ្ជូនទំនិញក៏ដូចជាមនុស្សនៅកាន់ខេត្ត Papua នៃប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែអាកាសធាតុដែលងាយនឹងប្រែប្រួលនៅទីនោះ ជាញឹកញាប់បានបណ្តាលឲ្យការធ្វើដំណើរតាមផ្លូវអាកាស ប្រឈមនឹងគ្រោះថ្នាក់ជាទីបំផុត ដូចដែលធ្លាប់កើតមានជាច្រើនដងមកហើយ៕