Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខការពារជាតិអាមេរិក បណ្តេញតំណាងយោធា​ប្រចាំនៅ NATO ចេញពីតំណែង (Video inside)

09-04-2025 13:15

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី៨ មេសា មន្ទីរបញ្ចកោណបានប្រកាសថា រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth បានសម្រេចបណ្តេញអ្នកតំណាងយោធាអាមេរិកប្រចាំអង្គការ NATO ចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយថា ការសម្រេចចិត្តរបស់លោក Hegseth ក្នុងការដកតំណែង ឧត្តមនាវីឯក លោកស្រី Shoshana Chatfield ក្នុងនាមជា អ្នកតំណាងរបស់សហរដ្ឋអាមេរិក ប្រចាំនៅក្នុងគណៈកម្មាធិការយោធារបស់ NATO គឺដោយសារតែការបាត់បង់ទំនុកចិត្ត លើសមត្ថភាពដឹកនាំរបស់លោកស្រី។ លោកស្រីបានកាន់តួនាទីនេះ ចាប់តាំងពីឆ្នាំ២០២៣។

គួរបញ្ជាក់ថា លោកស្រី Chatfield គឺជាមន្រ្តីយោធាជាន់ខ្ពស់ចុងក្រោយបង្អស់ ដែលត្រូវបានបណ្តេញចេញពីតំណែង ដោយរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ។ មន្រ្តីយោធាជាន់ខ្ពស់អាមេរិកដទៃទៀត ដែលកន្លងមកត្រូវបានបណ្តេញចេញដែរនោះ រួមមានដូចជា អគ្គសេនាធិការចម្រុះរបស់យោធា ដែលជាតំណែងមន្រ្តីយោធាកំពូលបំផុតរបស់អាមេរិក គឺលោក Charles CQ Brown, ប្រមុខកងទ័ពជើងទឹក លោកស្រី Lisa Franchetti និងប្រមុខកងឆ្មាំសមុទ្រ លោកស្រី Linda Fagan ជាដើម៕