(សេអ៊ូល)៖ ភ្លាមៗបន្ទាប់ពីស្ត្រីឈ្មោះ Choi Soon-sil ដែលជាដើមចមនៃរឿងអាស្រូវនយោបាយដ៏ខ្មៅងងឹត និងបានបណ្តាលឲ្យអាណត្តិប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេធ្លាក់ចូលទៅក្នុងវិបត្តិដ៏ធ្ងន់ធ្ងរត្រូវ បានឃាត់ខ្លួនជាបណ្ដោះអាសន្ន ក្រុមរដ្ឋអាជ្ញាទីក្រុងសេអ៊ូលបានចេញប្រតិបត្តិការចុះឆែកឆេរទីស្នាក់ការ ធនាគារចំនួនបួន ដែលគេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងស្ត្រីរូបនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងយុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមក្រុមរដ្ឋអាជ្ញាទីក្រុងសេអ៊ូល ធនាគារទំាងបួនដែលត្រូវបានចុះឆែកឆេរដើម្បីស្វែងរកឯកសារពាក់ព័ន្ធ នឹងហិរញ្ញវត្ថុរបស់លោកស្រី Choi Soon-sil រួមមានធនាគារ Woori Bank, Standard Chartered Bank Korea, Shinhan Bank និង KB Bank។ មួយវិញទៀតជុំវិញប្រតិបត្តិការនេះដែរ ប្រភពព័ត៌មានមួយចំនួន បានរាយការណ៍ថាស្ត្រី Choi Soon-sil ធ្លាប់បានខ្ចីប្រាក់ ៤៣៧,៦៧៥ដុល្លារពីធនាគារ KB Bank ដោយដាក់ បញ្ចំដីមួយកន្លែងនៅក្នុងតំបន់ Pyeong Chang។
ដោយឡែកបើតាមសមាជិកសភាបក្សប្រឆំាង ស្រ្តីរូបនេះដែលគេជឿជាក់ថាបានប្រើឈ្មោះលោកស្រី ផាក គឺនហេ ទៅបើកមូលនិធិរាប់រយលានដុល្លារ ក៏បានខ្ចីប្រាក់ ២៧០,០០០ដុល្លារផងដែរពីធនាគារ KEB Hana Bank តាមរយៈដាក់បញ្ចាំដីមួយកន្លែងទៀតនៅក្នុងតំបន់ Pyeong Chang កាលពីចុងឆ្នាំ២០១៥ មុននឹងចាកចេញទៅអឺរ៉ុប។
គួរបញ្ជាក់ដែរថាក្រុមរដ្ឋអាជ្ញាកំពុងស៊ើបអង្កេតទៅលើលោកស្រី Choi Soon-sil ពាក់ព័ន្ធនឹងរឿងអាស្រូវ និងការចោទប្រកាន់ដែលថា លោកស្រីបានប្រើភាពស្និតស្នាលរបស់ខ្លួនជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ដើម្បីលូកដៃចូលកិច្ចការផ្ទៃក្នុងដូចជាពិនិត្យឯកសារសម្ងាត់ផ្សេងៗដោយសេរី និងបាន កេងចំណេញយកលុយជាច្រើន តាមរយៈមូលនិធិសប្បុរសធម៌ថែមទៀតផង។ ពេលនេះលោកស្រីត្រូវបាន តុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្នហើយ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់កូរ៉េខាងត្បូង៕