(វ៉ាស៊ីនតោន)៖ គេហទំព័រ Wikileaks ដែលផ្អែកលើសារ Email ជាច្រើននៃប្រធានរៀបចំយុទ្ធនាការឃោសនា បោះឆ្នោតរបស់លោកស្រី គ្លីនតុន បានឱ្យដឹងថាបេក្ខភាពប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យរូបនេះ បានទទួលជាមុនរួចទៅហើយនូវកម្រងសំណួរដែលត្រូវចោទសួរ នៅអំឡុងពេលវេទិកាតស៊ូមតិជ្រើសរើស បេក្ខភាពប្រធានាធិបតីអាមេរិក នៅក្នុងជួរគណបក្សប្រជាធិបតេយ្យ ហើយនេះគឺដូចគ្នាទៅនឹងការចោទប្រកាន់ របស់លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Euronews នៅព្រឹកថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។
គេហទំព័រ Wikileaks បានឱ្យដឹងទៀតថានៅក្នុងចំណោម Email ជាច្រើនគេឃើញថាមានសារ Email មួយចុះថ្ងៃទី០៥ ខែមីនា ពោលគឺមុនមួយថ្ងៃនៃវេទិកាតស៊ូមតិនៅក្នុងទីក្រុង Flint រដ្ឋ Michigan លោកស្រី ដូនណា ប្រាហ្ស៊ីល (Donna Brazile) ដែលជាអ្នកអត្ថាធិប្បាយនយោបាយរបស់ CNN បានផ្ញើសារទៅកាន់ ប្រធានរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោកស្រី គ្លីនតុន គឺលោក ចន ប៉ូដេស្ដា (John Podesta) ដោយបានបង្ហើបសំណួរជាមុនដើម្បីត្រៀមឡើងវេទិកាតស៊ូមតិ ជាមួយលោក ប៊ឺនី សាន់ឌឺស៍ (Bernie Sanders) ពាក់ព័ន្ធនឹងស្ត្រីម្នាក់ ដែលគ្រួសាររបស់នាងត្រូវបានគេបំពុល ហើយមិនតែប៉ុណ្ណោះលោកស្រី ដូនណា ប្រាហ្ស៊ីល ថែមទំាងបានសន្យាថានឹងផ្ញើសំណួរបន្ថែមទៀតទៅឱ្យលោកស្រី គ្លីនតុន ផងដែរ។
សូមជំរាបថា បន្ទាប់ពីរឿងអាស្រូវនេះផ្ទុះឡើង លោកស្រី ដូនណា ប្រាហ្ស៊ីល បានដាក់ពាក្យលាលែងពីស្ថានីយ៍ ទូរទស្សន៍ CNN ខណៈគណបក្សប្រជាធិបតេយ្យមិនបានបដិសេធ ហើយក៏មិនបានទទួលស្គាល់ព័ត៌មាននេះ ដែរ ក៏ប៉ុន្តែមហាជនជាច្រើនទំនងជានឹងកាន់តែមានមន្ទិលបន្ថែមទៀត ចំពោះទង្វើរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ស្របពេលដែលការស្ទង់មតិ នៅដើមសប្តាហ៍នេះបានបង្ហាញថាតួលេខអ្នកគាំទ្រលោកស្រី បានធ្លាក់ចុះ ហើយលោក ដូណាល់ ត្រាំ បែរជាកើនឡើង៕