(ឡុងដ៏)៖ ទេសាភិបាលធនាគារកណ្ដាលអង់គ្លេស លោក Mark Carney បានសម្រេចចិត្តពន្យាអណត្តិរយៈ ពេល០១ឆ្នាំជាប្រធានដឹកនាំស្ថាប័នមួយនេះ រហូតដល់ខែមិថុនា ឆ្នាំ២០១៩ ដើម្បីចាត់ចែងសំណើរមួយចំនួន នៅអំឡុងពេលនៃកិច្ចចរចាចេញពីសហភាពអឺរ៉ុប ដែលគ្រោងនឹងធ្វើឡើងនៅមុនខែមីនា ឆ្នាំ២០១៧។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៦។
ជុំវិញការសម្រេចចិត្តនេះដែរនាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May បាននិយាយថា «លោក Mark Carney បានសម្រេចចិត្តបន្តដឹកនាំធនាគារកណ្ដាលអង់គ្លេស មួយឆ្នាំបន្ថែមទៀតដែលនេះគឺជាការចូល រួមចំណែកក្នុងការស្វែងរកស្ថេរភាព នៅពេលយើងធ្វើការចរចាចាកចេញពីសហភាពអឺរ៉ុប»។
គួរបញ្ជាក់ថាលោក Mark Carney មានអាយុ៥១ឆ្នាំបានកាន់ដំណែងជាទេសាភិបាលធនាគារកណ្ដាល អង់គ្លេស នៅឆ្នាំ២០១៣ ធ្លាប់បង្ហាញពីបំណងលាលែងពីដំណែងនេះ មុនកាលកំណត់នៃអណត្តិរបស់លោក នៅឆ្នាំ២០២១ ដោយសំអាងលើហេតុផលផ្ទាល់ខ្លួន។ ក៏ប៉ុន្តែដោយសារតែ Brexit កាលពីថ្ងៃ២៣ ខែមិថុនា កន្លងទៅបានធ្វើឲ្យលោកទទួលបន្ទុកការងារបន្ថែមទៀតនោះ ទើបលោកសម្រេចចិត្តពន្យាអាណត្តិ រហូតដល់ឆ្នាំ២០១៩៕