(វិមានក្រឹមឡាំង)៖ រុស្ស៊ីបានប្រកាសនៅថ្ងៃចន្ទថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយសម្រួលដល់ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ ការប្រកាសនេះធ្វើឡើងខណៈដែលទីក្រុងវ៉ាស៊ីនតោនបានទាមទារឱ្យទីក្រុងតេអេរ៉ង់យល់ព្រមលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី ឬប្រឈមមុខនឹងការវាយប្រហារ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ ២០២៥។
ទីក្រុងមូស្គូបានស្នើជាញឹកញាប់ក្នុងការសម្រុះសម្រួលរវាងភាគីទាំងពីរ បន្ទាប់ពីការព្រមានពីសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្កឱ្យមានការព្រួយបារម្ភនៅក្នុងតំបន់។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា រុស្ស៊ីកំពុងពិភាក្សាជាប្រចាំជាមួយអ៊ីរ៉ង់ រួមទាំងលើប្រធានបទនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយរុស្ស៊ីបានត្រៀមខ្លួនរួចរាល់ហើយក្នុងការខិតខំប្រឹងប្រែងដើម្បីរួមចំណែកដល់ការដោះស្រាយបញ្ហានេះតាមរយៈនយោបាយ និងការទូត។
គួររំលឹកថា ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ដែលបានដាក់កម្រិតយ៉ាងតឹងរ៉ឹងលើសកម្មភាពនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។
ទីក្រុងតេអេរ៉ង់បានបដិសេធចំពោះការទាមទាររបស់លោក ត្រាំ សម្រាប់ការចរចាដោយផ្ទាល់ ដោយមន្ត្រីអ៊ីរ៉ង់បានព្រមានប្រទេសជិតខាងដែលជាម្ចាស់ផ្ទះមូលដ្ឋានទ័ពអាមេរិកថា ពួកគេអាចស្ថិតនៅក្នុងជួរសង្រ្គាម។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយថា ការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ អំពីការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់បានត្រឹមតែធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ។
រុស្ស៊ី ដែលមានទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយអ៊ីរ៉ង់ចាប់តាំងពីជម្លោះនៅអ៊ុយក្រែនបានចាប់ផ្តើម បានផ្លាស់ប្តូរទំនាក់ទំនងយ៉ាងឆាប់រហ័សជាមួយសហរដ្ឋអាមេរិក ចាប់តាំងពីលោក ត្រាំ ចូលកាន់តំណែង ដែលជាទំនាក់ទំនងមួយដែលត្រូវបានអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបមើលឃើញដោយក្តីបារម្ភ៕