(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសភាពអាសន្នសេដ្ឋកិច្ចជាតិ និងបានកំណត់ការយកពន្ធទៅមក លើបណ្ដាប្រទេស និងដែនដីជាដៃគូពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក នៅក្រោមច្បាប់ «International Emergency Economic Powers Act»។ ការប្រកាសយកពន្ធទៅមករបស់លោក ត្រាំ បានចូលជាធរមានកាលពីថ្ងៃទី៥ ខែមេសា ដោយសហរដ្ឋអាមេរិកបាន អនុវត្តការយកពន្ធគយ ១០ភាគរយលើបណ្ដាប្រទេសទាំងអស់ និងយកពន្ធគយពីបណ្ដាប្រទេស និងដែនដីនីមួយៗ នៅជុំវិញពិភពលោក ក្នុងអត្រាខ្ពស់ ឬទាបអាស្រ័យទៅនឹងឱនភាពពាណិជ្ជកម្មរបស់ពួកគេជាមួយ សហរដ្ឋអាមេរិក។ តំបន់អាស៊ីខាងកើតប្រឈមនឹងការយកពន្ធគយដ៏ខ្ពស់មួយពីសហរដ្ឋអាមេរិក ក្នុងនោះចិន ៣៤ភាគរយ ជប៉ុន ២៤ភាគរយ កូរ៉េខាងត្បូង ២៥ភាគរយ និងតៃវ៉ាន់ ៣២ភាគរយ។

* រុញច្រានអាស៊ីឱ្យឃ្លាតឆ្ងាយ?
ខណៈការយកពន្ធទៅមក គឺជាមធ្យោបាយមួយដើម្បីជំរុញការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌ គោលនយោបាយសេដ្ឋកិច្ចជាតិនិយមរបស់លោក ត្រាំ អាចនឹងបង្កជាគុណវិបត្តិច្រើនជាងគុណសម្បត្តិ ជាពិសេសនៅក្នុងតំបន់ អាស៊ីខាងកើត ជាទីដែលសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បាន និងកំពុងសម្លឹងរកដៃគូផ្សេងទៀត រួមទាំងចិន ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច និងភាពជាមេដឹកនាំក្នុងតំបន់របស់ពួកគេ។ នៅត្រង់នេះ ហានិភ័យនោះគឺ ភូមិសាស្ត្រនយោបាយ៖ តាមរយៈការអនុវត្តនយោបាយតម្កល់ផលប្រយោជន៍អាមេរិកមុនគេ ឬ America First និងរបៀបវារៈពាណិជ្ជកម្មឯកតោភាគី រដ្ឋបាលលោក ត្រាំ អាចនឹងធ្វើឱ្យសហរដ្ឋអាមេរិកឃ្លាតឆ្ងាយចេញពី និម្មាបនកម្មសេដ្ឋកិច្ចនៃតំបន់អាស៊ីខាងកើត។ បណ្ដាប្រទេសដូចជាជប៉ុន កូរ៉េខាងត្បូង រួមទាំងកោះតៃវ៉ាន់ ដែលសុទ្ធសឹងជាសម្ព័ន្ធមិត្តជាប្រពៃណី និងជាដៃគូរបស់អាមេរិក បាននិងកំពុងចាត់វិធានការឆ្លើយតបដោយ មិនមែនជាការចុះញ៉មនោះទេ តែពួកគេកាន់តែពង្រឹងការចូលរួមជាមួយប្រព័ន្ធពហុភាគីដែលមានចិននៅក្នុងនោះដែរ។ ការធ្វើបែបនេះអាចនឹងជំរុញកម្លាំងចលករនៃកិច្ចព្រមព្រៀងពហុភាគីដូចជា កិច្ចព្រមព្រៀងភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ឬហៅកាត់ថា RCEP កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ហៅកាត់ថា CPTPP ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន ជប៉ុន និងកូរ៉េ ឬ CJK FTA ដែលបានជាប់គាំងជាច្រើនឆ្នាំមកនេះ។ ក្នុងន័យនេះជាជាងធ្វើឱ្យសហរដ្ឋអាមេរិកកាន់តែរឹងមាំ សង្រ្គាមពាណិជ្ជកម្មសកលរបស់លោក ត្រាំ អាចនឹងទុកឱ្យសហរដ្ឋអាមេរិកមើលទៅកាន់តែឯកោពី គេឯង រីឯចិនអាចនឹងរង់ចាំទាញយកប្រយោជន៍ ហើយលេងហ្គេមយូរអង្វែងមួយ។

* ហ្គេមយូរអង្វែងរបស់ចិន
ចិនមកទល់នឹងពេលនេះ បានចាត់វិធានការសងសឹកទៅនឹងការដំឡើង និងយកពន្ធទៅមកលើសហរដ្ឋអាមេរិកជាមួយការអត់ធ្មត់ និងប្រុងប្រយ័ត្នច្រើន បើធៀបទៅនឹងសង្រ្គាមពាណិជ្ជកម្មអំឡុងអាណត្តិទី១ របស់លោក ត្រាំ។ លើសពីនេះទៅទៀត ខណៈលោក ត្រាំ ទំនងជាមានបំណងប្រើប្រាស់ការយកពន្ធទៅមក ដើម្បីជំរុញឱ្យមានកិច្ចចរចាជាមួយចិនដែលគេរំពឹងថាអាចនឹងនាំទៅរកកិច្ចប្រជុំកំពូលជាមួយលោក ស៊ី ជីនពីង នៅខែមិថុនាខាងមុខ ចិនត្រូវបានក្រុមអ្នកវិភាគមើលឃើញថាហាក់មានទំនោរចង់ទាញយកប្រយោជន៍ជាយុទ្ធសាស្ត្រ និងលេងហ្គេមយូរអង្វែងមួយ នោះគឺពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ី ខាងកើត និងបង្ហាញឱ្យពិភពលោកទាំងមូលបានឃើញថាខ្លួនជាសរសរស្ដម្ភមួយនៃសណ្ដាប់ធ្នាប់សេដ្ឋកិច្ចក្នុងតំបន់។ ដ្បិត តាមរយៈការពង្រឹងសកម្មភាពការទូតលើកិច្ចព្រមព្រៀងដូចជា CJK FTA និង CPTPP អាចនឹងជួយ ជំរុញឥទ្ធិពលរបស់ចិន និងកាត់បន្ថយផលប៉ះពាល់ពីការយកពន្ធរបស់សហរដ្ឋអាមេរិក។

* ការខិតជិតគ្នារវាងចិន ជប៉ុន និងកូរ៉េខាងត្បូង
ខណៈទំនងជានឹងមិនសងសឹកដោយផ្ទាល់ទៅនឹងការយកពន្ធរបស់លោក ដូណាល់ ត្រាំឡើយ ជប៉ុនអាចនឹងងាកទៅការជំរុញកិច្ចសម្របសម្រួលពាណិជ្ជកម្មជាមួយចិន និងកូរ៉េខាងត្បូង ដែលអាចនឹងនាំទៅរកការស្ដារឡើងវិញ នូវកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (CJK FTA) ឬក៏អាចឈានដល់ការដកចោលនូវរនាំងឧបសគ្គដើម្បីឱ្យចិន និងកូរ៉េខាងត្បូងអាចចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP ជាកិច្ចព្រមព្រៀងមួយដែលត្រូវបានលោក ត្រាំ បានដកសហរដ្ឋអាមេរិកចេញកាលពីអាណត្តិទី១។ ចំណែក កូរ៉េខាងត្បូងវិញ កំពុងប្រឈមមុខនឹងវិបត្តិនយោបាយក្នុងស្រុក និងកំពុងត្រៀមខ្លួនរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្រោយលោក Yoon Suk-yeol ត្រូវបានតុលាការធម្មនុញ្ញកូរ៉េខាងត្បូងទម្លាក់ចេញពីតំណែងកាលពីថ្ងៃទី៤ ខែមេសា ជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹក។

កូរ៉េខាងត្បូង បានទទូចសុំឱ្យរដ្ឋបាលលោក ត្រាំ លើកលែងការយកពន្ធ ក្នុងនាមជាសម្ព័ន្ធមិត្តនឹងគ្នា។ ប៉ុន្តែ លោក​ ត្រាំ មិនបានស្ដាប់តាមការទទូចសុំនេះទេ ដោយនៅតែប្រកាសយកពន្ធ ២៥ភាគរយ ហើយមិនតែប៉ុណ្ណោះ ការប្រកាស របស់លោក ត្រាំ ដោយយកពន្ធ ៤៦ភាគរយលើមុខទំនិញនាំចូលពីវៀតណាម ជាទីដែលក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូងដូចជា Samsung និង LG មានរោងចក្ររបស់ខ្លួននៅទីនោះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុង តំបន់ និងសកលរបស់កូរ៉េខាងត្បូង។ ទោះជាបែបនេះក្ដី ក្នុងពេលមានវិបត្តិនយោបាយក្នុងស្រុក រដ្ឋាភិបាលបណ្ដោះអាសន្នសព្វថ្ងៃរបស់កូរ៉េខាងត្បូងនឹងមិនប្រថុយប្រឈមមុខដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកឡើយ។ ផ្ទុយទៅវិញ កូរ៉េខាងត្បូងអាចនឹងព្យាយាមស្វែងរកភាពធូរស្រាលតាមរយៈការចូលរួមធ្វើសមារណកម្មសេដ្ឋកិច្ចតំបន់។ ពីព្រោះថាក្នុងពេលដែលគ្មានប្រធានាធិបតីអចិន្ត្រៃយ៍រហូតដល់មានការបោះឆ្នោតនៅខែមិថុនា ទីក្រុងសេអ៊ូលមើលឃើញថា CJK FTA និង CPTPP ជារនាំងមួយអាចការពារខ្លួនពីនយោបាយគាំពារនិយមរបស់សហរដ្ឋអាមេរិក។ ការខិតជិតគ្នានាពេលថ្មីៗនេះរវាងចិន ជប៉ុន និងកូរ៉េខាងត្បូង តាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសត្រីភាគី ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី២២ ខែមីនា និងកិច្ចប្រជុំសេដ្ឋកិច្ចត្រីភាគី ក៏ដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី៣០ ខែមីនា បានបង្ហាញរួចទៅហើយពីបំណងរបស់ប្រទេសទាំង៣ ដែលចង់ធ្វើការជាមួយគ្នាដើម្បីកាត់បន្ថយផលប៉ះពាល់ពីការយកពន្ធរបស់លោក ត្រាំ ដោយភ្នែករបស់ពួកគេសម្លឹងទៅរកកិច្ចព្រមព្រៀង CJK FTA និង CPTPP។

គួរបញ្ជាក់ថា ពាណិជ្ជកម្មមិនមែនត្រឹមតែជាអាវុធសេដ្ឋកិច្ចប៉ុណ្ណោះទេ តែក៏ជាសរសរស្ដម្ភមួយនៃនយោបាយការបរទេសផងដែរ។ ការអនុវត្តការយកពន្ធទៅមករបស់រដ្ឋបាលលោក ត្រាំ ធ្វើឡើងស្របតាមគោលនយោបាយ America First ដើម្បីឧស្សាហកម្មអាមេរិក។ ក៏ប៉ុន្តែផលប៉ះពាល់យ៉ាងទូលំទូលាយនៃការយកពន្ធនេះអាចនឹងធ្វើឱ្យរង្គោះរង្គើរដល់ភាពជាមេដឹកនាំរបស់សហរដ្ឋអាមេរិក រាប់ទសវត្សរ៍មកនេះនៅក្នុងតំបន់អាស៊ីខាងកើត។ ការចូលរួមខាងសេដ្ឋកិច្ច ពោលគឺមិនមែនគាំពារនិយម ឬឯកោនិយម ដែលធ្លាប់ជាមូលដ្ឋានគ្រឹះនៃអំណាចរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ប៉ាស៊ីហ្វិក៕