(សេអ៊ូល)៖ កាលពីថ្ងៃអាទិត្យ ទី៦ ខែមេសា ប្រធានសភានៃប្រទេសកូរ៉េខាងត្បូង បានស្នើឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកាត់បន្ថយអំណាចរបស់ប្រធានាធិបតី ហើយលោកបានអះអាងថា ប្រជាជនភាគច្រើនគាំទ្រឱ្យធ្វើបែបនេះ បន្ទាប់ពីប្រធានាធិបតី លោក Yoon Suk Yeol ត្រូវបានដកហូតតំណែង ដោយសារការប្រកាសច្បាប់អាជ្ញាសឹក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រធានសភាកូរ៉េខាងត្បូង លោក Woo Won Shik បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយថា «ខ្ញុំចង់ស្នើឱ្យមាន​ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆាប់ៗ។ ក្រោយឆ្លងកាត់ ការប្រកាសច្បាប់អាជ្ញាសឹកខុសច្បាប់ផ្ទុយពីរដ្ឋធម្មនុញ្ញ និងការទម្លាក់លោក Yoon ចេញពីអំណាច មតិសាធារណៈទូទៅ ជុំវិញភាពចាំបាច់បន្ទាន់នៃវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺកំពុងស្ថិតក្នុងកម្រិតខ្ពស់មិនធ្លាប់មាន»

លោក Woo ស្នើចង់ឱ្យធ្វើប្រជាមតិថ្នាក់ជាតិស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ស្របពេលគ្នាជាមួយ ការបោះឆ្នោតប្រធានាធិបតី ដែលចាំបាច់ត្រូវតែរៀបចំឡើង ក្នុងរយៈពេល២ខែ ក្រោយការសម្រេចដកតំណែង លោក Yoon ជាផ្លូវការ កាលពីថ្ងៃសុក្រ​សប្តាហ៍មុន ដោយតុលាការធម្មនុញ្ញ។ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង បានសម្រេចចិត្តទទួលយក ការបោះឆ្នោតរបស់សភា ដែល​បានដកតំណែងលោក Yoon សម្រាប់ការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹករយប៉ុន្មានម៉ោង កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដែលបង្ក​ជាវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរបំផុតមួយ ក្នុងប្រវត្តិសាស្រ្តប្រទេសកូរ៉េខាងត្បូង។

លោក Woo បាននិយាយថា ភាពចលាចលរបស់ប្រទេសជាតិ បានបញ្ចប់ទៅវិញហើយ ជាមួយសេចក្តីសម្រេចរបស់​តុលាការធម្មនុញ្ញ ប៉ុន្តែលទ្ធភាពនៃការកើតមានឡើងនូវវិបត្តិដ៏តានតឹង ជុំវិញអំណាចប្រធានាធិបតី នៅតែបន្តមានដដែល។ លោក Woo បានអះអាងថា ប្រជាជនកូរ៉េភាគច្រើន ចង់កែសម្រួលអំណាចប្រធានាធិបតី ដែលមានលក្ខណៈបែបចក្រពត្តិនេះ ដែលលោកចាត់ទុកថា ជាប្រភពនៃជម្លោះនយោបាយដ៏ធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា យោងតាមការស្ទង់មតិកាលពីខែមីនា ដោយវិទ្យាស្ថានស្រាវជ្រាវ Gallup Korea អ្នកចូលរួម៥៤ភាគរយ បានបង្ហាញការគាំទ្រឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកែសម្រួលប្រព័ន្ធប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូង ខណៈ៣០ភាគរយ និយាយថា វាជារឿងមិនចាំបាច់។ នាពេលនេះ ប្រធានាធិបតីស្តីទី លោក Han Duck Soo និងគណៈកម្មការបោះឆ្នោត កំពុងពិចារណាយក​ថ្ងៃទី៣ ខែមិថុនា ជាកាលបរិច្ឆេទរៀបចំការបោះឆ្នោតប្រធានាធិបតីថ្មី។ លើកចុងក្រោយបង្អស់ ដែលរដ្ឋធម្មនុញ្ញរបស់កូរ៉េខាងត្បូង ត្រូវបានធ្វើវិសោធនកម្ម គឺកាលពីឆ្នាំ១៩៨៧ ដែលនាំមកនូវ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីលក្ខណៈដោយផ្ទាល់ រួមជាមួយការកំណត់កាន់អំណាច បានត្រឹម១អាណត្តិគត់ មានរយៈពេល៥ឆ្នាំ៕