Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហ្វីលីពីននិងអាមេរិក ចាប់ផ្តើមការធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នា ដើម្បីពង្រឹងសមត្ថភាព

07-04-2025 14:05

(ម៉ានីល)៖ យោធាហ្វីលីពីន បានឱ្យដឹងថា នៅថ្ងៃចន្ទ ទី៧ ខែមេសា កងទ័ពអាកាសហ្វីលីពីននិងសហរដ្ឋអាមេរិក បានចាប់ផ្តើមប្រព្រឹត្តទៅ នូវការធ្វើសមយុទ្ធរួមគ្នា ដែលមានគោលដៅពង្រឹងសមត្ថភាពធ្វើប្រតិបត្តិការ និងសមត្ថភាពរារាំងជាយុទ្ធសាស្រ្ត របស់សម្ព័ន្ធមិត្តទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សមយុទ្ធខាងលើធ្វើឡើង បន្ទាប់ពីទីក្រុងម៉ានីល និងទីក្រុងប៉េកាំង បានប្រឈមមុខដាក់គ្នាអស់រយៈពេលជាច្រើនខែ ជុំវិញតំបន់ជម្លោះ នៅសមុទ្រចិនខាងត្បូង ខណៈនៅចុងខែមេសានេះ ហ្វីលីពីននិងអាមេរិក គ្រោងរៀបចំការធ្វើសមយុទ្ធទ្រង់ទ្រាយធំ តាមផ្លូវអាកាស ផ្លូវសមុទ្រ និងផ្លូវគោក ថែមទៀត។ កងទ័ពអាកាសហ្វីលីពីន បាននិយាយថា សមយុទ្ធទ័ពអាកាស ដែលហៅថា Cope Thunder នឹងបន្តរហូតដល់ថ្ងៃទី១៨ ខែមេសា។

គួរបញ្ជាក់ថា ទំនាក់ទំនងយោធារវាងហ្វីលីពីន និងអាមេរិក ត្រូវបានធ្វើឱ្យកាន់តែស៉ីជម្រៅ ចាប់តាំងពីការជាប់ឆ្នោត កាលពីឆ្នាំ២០២២​ របស់ប្រធានាធិបតី លោក Ferdinand Marcos។ កាលពីសប្តាហ៍មុន ក្រសួងការបរទេសអាមេរិក ទើបតែបានអនុម័ត គម្រោងលក់យន្តហោះចម្បាំង F-16 ឱ្យហ្វីលីពីន ប៉ុន្តែទីក្រុងម៉ានីល បានអះអាងថា កិច្ចព្រមព្រៀងនេះ កំពុងស្ថិតក្នុងដំណាក់កាលចរចា នៅឡើយទេ៕