(បរទេស)៖ សារព័ត៌មាន Bloomberg បានរាយការណ៍មកថា ក្រុមហ៊ុន Apple នឹងនៅរក្សាទុក TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance នៅលើ App Store របស់ខ្លួនយ៉ាងហោចណាស់ ៧៥ថ្ងៃទៀត បន្ទាប់ពីទទួលបានការធានាពីអគ្គមេធាវីលោកស្រី Pam Bondi។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី០៦ ខែមេសា ឆ្នា២០២៥។
ការសម្រេចនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីពន្យាពេលកំណត់ការហាមឃាត់ TikTok ជាលើកទីពីរ។ TikTok នឹងត្រូវបានហាមឃាត់នៅក្នុងសហរដ្ឋអាមេរិក លុះត្រាតែក្រុមហ៊ុន ByteDance របស់ចិនព្រមលក់ប្រតិបត្តិការអាមេរិករបស់ខ្លួនក្រោមច្បាប់សន្តិសុខជាតិដែលបានចុះហត្ថលេខាដោយអតីតប្រធានាធិបតីលោក Joe Biden ក្នុងខែមេសា ឆ្នាំ២០២៤។
យោងតាមប្រភពដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងថា លោកស្រី Bondi បានសរសេរនៅក្នុងលិខិតមួយទៅកាន់ Apple ថាក្រុមហ៊ុនគួរតែធ្វើសកម្មភាពស្របតាមការពន្យាពេលកំណត់របស់ ត្រាំ ហើយថា វាមិនត្រូវបានពិន័យសម្រាប់ការធ្វើជាម្ចាស់ផ្ទះវេទិកានោះទេ។ យ៉ាងណា ជុំវិញរបាយការណ៍នេះ Apple មិនមានការឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយអនុញ្ញាតឱ្យ TikTok បន្តនៅលើ App Store នោះទេ។
គួរជម្រាបថា ការពន្យារពេលនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក ត្រាំ បានប្រកាសតម្លើងពន្ធចំនួន ៥៤% លើប្រទេសចិន។ មុនពេលការប្រកាសពន្ធបន្ថែមនៅថ្ងៃទី០២ ខែមេសា លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថាលោកអាចកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងសម្រាប់ ByteDance ដើម្បីលក់ប្រតិបត្តិការ TikTok របស់សហរដ្ឋអាមេរិក។ លោក ត្រាំ បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីខែមីនាថា «ប្រហែលជាខ្ញុំនឹងផ្តល់ឱ្យពួកគេនូវការកាត់បន្ថយពន្ធតិចតួច ឬអ្វីមួយដើម្បីធ្វើឱ្យវារួចរាល់»។ «TikTok គឺសំខាន់ ប៉ុន្តែរាល់ចំណុចនៅក្នុងពន្ធមានតម្លៃច្រើនជាង TikTok»៕