(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋាភិបាលបរទេសនឹងត្រូវចំណាយលុយច្រើនដើម្បីដកពន្ធគយ ដែលប្រៀបបាននឹងការប្រេីប្រាស់ឱសថដេីម្បីព្យាបាលជំងឺយ៉ាងដូច្នោះដែរ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ ២០២៥។
ស្របពេលភាគហ៊ុននៅអាមេរិកបានដាំក្បាលចុះ និងខាតបង់អស់ជិត ៦ពាន់ពាន់លានដុល្លាររួចហេីយ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោក ត្រាំ និយាយថាលោកមិនបារម្ភពីការខាតបង់នេះទេ។ លោកគូសបញ្ជាក់ថា «ខ្ញុំមិនចង់ឱ្យមានអ្វីខាតបង់ទេ ប៉ុន្តែពេលខ្លះយេីងត្រូវការថ្នាំដើម្បីព្យាបាលអ្វីមួយ»។
ដោយសំដៅទៅលេីក្តីរំពឹងទុកដែលថាមេដឹកនាំមកពីអឺរ៉ុប និងអាស៉ី នឹងមកស្នេីឱ្យលោកបញ្ចុះពន្ធដែលត្រូវចូលជាធរមានក្នុងសប្តាហ៍នេះ លោក ត្រាំ បន្ថែមថា «ពួកគេកំពុងឆ្ពោះមកកាន់តុចរចា។ គេចង់និយាយ ប៉ុន្តែយេីងអត់ មានអ្វីត្រូវនិយាយទេ លុះត្រាតែគេបង់លុយឱ្យយើងច្រើនៗក្នុងមួយឆ្នាំ»។
គួរបញ្ជាក់ថា វិធានការពន្ធជាសកលរបស់ លោក ត្រាំ បាននិងកំពុងធ្វេីឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ និងបង្កឱ្យមានការសងសឹកពីចិន ការភ័យខ្លាចនៃសង្គ្រាមពាណិជ្ជកម្ម និងការធ្លាក់ចុះនៃសេដ្ឋកិច្ច៕