Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ បង្ហាញ «បណ្ណមាស» តម្លៃ៥លានដុល្លារ ដែលផ្តល់សិទ្ធិស្នាក់នៅអចិន្រ្តៃយ៍ និងផ្លូវឆ្ពោះទៅទទួលបានសញ្ជាតិអាមេរិក ដើម្បីទាក់ទាញមហាសេដ្ឋីបរទេស​ (Video inside)

04-04-2025 16:55

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញរូបរាង «បណ្ណមាស» ដំបូងបង្អស់ ដែលផ្តល់សិទ្ធិស្នាក់នៅអចិន្រ្តៃយ៍ និងផ្លូវឆ្ពោះទៅទទួលបានសញ្ជាតិអាមេរិក ដល់ជនបរទេស ក្នុងតម្លៃ៥លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

នៅលើ «បណ្ណមាស» នោះ រួមមានរូបលោក ដូណាល់ ត្រាំ ផ្ទាល់ រួមជាមួយហត្ថលេខារបស់លោក ពាក្យ The Trump Card ហើយនិងតម្លៃរបស់បណ្ណ គឺលេខ ៥,០០០,០០០។ កាលពីខែកុម្ភៈ លោក ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោកសង្ឃឹមថា នឹងអាចលក់បណ្ណនោះបានប្រហែល១លានបណ្ណ ហើយលោកបានអះអាងថា វានឹងជួយបង្កើតឱកាសការងារ និងចំណូលរដ្ឋ ព្រមទាំងកាត់បន្ថយបំណុលជាតិរបស់អាមេរិក។

គួរបញ្ជាក់ថា កម្មវិធី «បណ្ណមាស» នេះ គឺជាការធ្វើទំនើបកម្មប្រព័ន្ធទិដ្ឋាការ ហៅថា EB-5 បង្កើតឡើងដំបូងតាំងពីទសវត្សរ៍​ឆ្នាំ១៩៩០ ដែលផ្តល់នូវ «បណ្ណបៃតង» ដល់ជនបរទេសទាំងឡាយណា ដែលវិនិយោគយ៉ាងហោច១លានដុល្លារ នៅអាមេរិក។ ខុសពីទិដ្ឋាការធម្មតា ដែលភ្ជាប់ជនចំណាកស្រុក ទៅនឹងការងារជាក់លាក់ណាមួយ «បណ្ណបៃតង» ផ្តល់សិទ្ធិស្នាក់នៅស្របច្បាប់អចិន្រ្តៃយ៍ និងផ្លូវឆ្ពោះទៅទទួលបានសញ្ជាតិអាមេរិក តែម្តង៕