Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update: វៀតណាមរកឃើញការឆ្លងវីរុស Zika ១២ករណីបន្ថែមទៀត ធ្វើឲ្យការឆ្លងសរុបកើនដល់ ២៣ករណី

31-10-2016 20:12

(ហាណូយ)៖ អាជ្ញាធរសុខាភិបាលវៀតណាម នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០១៦នេះ បានរកឃើញការឆ្លងវីរុស Zika ថ្មី ១២ករណី បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកឆ្លងជំងឺនេះសរុបនៅទូទំាងប្រទេសកើនដល់ ២៣ករណី ខណៈទារកអាយុ ៤ខែម្នាក់ កើតមកមានក្បាលតូចខុសពីធម្មតា កំពុងសង្ស័យជាប់ពាក់ព័ន្ធយ៉ាងខ្លំាងនឹងវីរុស Zikaនេះ។ នេះបើយោងតាមការចេញផ្សាយនៅមុននេះបន្តិចដោយទីភ្នាក់ងារសារព័ត៌មានសិនហួរ។

យោងតាមនាយកដ្ឋានសុខាភិបាលទីក្រុង Ho Chi Minh ករណីឆ្លងទំាងអស់ខាងលើត្រូវបានគេរកឃើញនៅក្នុងទីក្រុង Ho Chi Minh តែម្ដង ដែលមានចំនួនឆ្លងសរុប ១៧ករណី រីឯករណីឆ្លងផ្សេងទៀតត្រូវបានគេរាយការណ៍នៅក្នុងខេត្ត Phu Yen, Khanh Hoa, Binh Duong, Long An និង Dak Lak។

ជាមួយគ្នានេះ អាជ្ញាធរសុខាភិបាលវៀតណាម បានប្រកាសថា ចាប់ពីពេលនេះតទៅ ប្រជាជនវៀតណាម អាចទៅពិនិត្យឈាមរកវីរុស Zika នៅតាមមន្ទីពេទ្យចំនួន ៣០នៅក្នុងទីក្រុង Ho Chi Minh ដោយឥតគិតថ្លៃ។

គួរបញ្ជាក់ថា នៅពេលបច្ចុប្បន្នវីរុស Zika បាននិងកំពុងរាតត្បាតនៅក្នុងប្រទេស និងដែនដីចំនួន៦០ ចាប់តំាងពីវីរុសនេះ រីករាលដាលខ្លំាងកាលពីឆ្នាំ២០១៥ នៅប្រទេសប្រេស៊ីល ជាទីដែលទារកកើតមកមានក្បាលតូចខុសពីធម្មតា មានជាង ១៩០០ករណី។ ដោយឡែក នៅតំបន់អាស៊ីអាគ្នេយ៍ សិង្ហបុរី និងថៃ គឺជាប្រទេសដែលមានករណីឆ្លងវីរុស Zika ច្រើនជាងគេបំផុត មានចំនួនដល់ទៅជាង ៨០០ ករណីក្នុងនោះមានទំាងស្ត្រីមានផ្ទៃពោះជាច្រើននាក់ផងដែរ៕