(វ៉ាស៊ីនតោន)៖ សារព័ត៌មាន CNN បានរាយការណ៍នៅល្ងាចថ្ងៃចន្ទ ទី៣១ ខែតុលានេះថា ការស្ទង់មតិ ថ្នាក់ជាតិថ្មីមួយបានបង្ហាញថា បេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីលឡារី គ្លីនតុន បាននំាមុខបន្តិចបន្ដួចប៉ុណ្ណោះ លើគូប្រជែងរបស់លោកស្រី មកពីគណបក្សសាធារណៈរដ្ឋលោក ដូណាល់ ត្រាំ ក្នុងសំឡេង ៤៦ភាគរយទល់នឹង ៤៥ភាគរយ។ នេះបើយោងតាមការស្ទង់មតិ ចេញផ្សាយដោយសារព័ត៌មាន ABC News និង Washington Post។
យោងតាមការស្ទង់មតិថ្នាក់ជាតិកាលពីលើកមុនចេញផ្សាយដោយ CNN លោកស្រី គ្លីនតុន បាននំាមុខ លោក ត្រាំ ដល់ទៅ៥ពិន្ទុ (៤៧ភាគរយទល់នឹង ៤២ភាគរយ) ក៏ប៉ុន្តែដោយសារតែរឿងអាស្រូវ Email ប្រជាប្រិយភាពរបស់លោកស្រី គ្លីនតុន បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ខណៈការបោះឆ្នោតកាន់ជិតចូលមក ដល់។ ប៉ុន្តែទោះជាបីយ៉ាងនេះក្ដីបើតាមការស្ទង់មតិរបស់ ABC និង Washington Post អ្នកបោះឆ្នោត៦នាក់ ក្នុងចំណោម១០ នាក់បាននិយាយថាព័ត៌មានដែល FBI បើកការស៊ើបអង្កេតសាជាថ្មីជុំវិញរឿងអាស្រូវ Email លោកស្រី គ្លីនតុន នឹងមិនធ្វើឱ្យមានការផ្លាស់ប្តូរការបោះឆ្នោតរបស់ពួកគេឡើយ រីឯមនុស្ស៣នាក់ ក្នុងចំណោម ១០នាក់បាននិយាយថាពួកគេដូចជាស្ទាក់ស្ទើរ ក្នុងការគំាទ្រលោកស្រី គ្លីនតុន។
គួររំលឹកថាការស្ទង់មតិនៅថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) ក៏បានធ្វើឡើងផងដែរនៅរដ្ឋ North Carolina ដោយ NBC, Wall Street Journal, និង Marist University ដែលបានបង្ហាញថាលោកស្រី គ្លីនតុន នំាមុខលោក ត្រាំ ៤៧ ភាគរយទល់នឹង ៤១ភាគរយ ស្របពេលនៅក្នុងរដ្ឋ Florida លោក ត្រាំ ទទួលបានសំឡេង ៤៤ភាគរយ និង ៤៥ភាគរយ សម្រាប់លោកស្រី គ្លីនតុន។
ប៉ុន្តែព្រមពេលជាមួយគ្នានេះដែរកាសែត New York Times បានចេញផ្សាយថា លោក ត្រាំ បាននាំមុខ លោកស្រី គ្លីនតុន ៤៦ភាគរយទល់នឹង៤២ភាគរយនៅក្នុងរដ្ឋ Florida ដែលតួលេខនានាខាងលើនេះ វាបានបង្ហាញកាន់តែច្បាស់ថា ម្ចាស់ឆ្នោតនានានៅអាមេរិកចាប់ផ្តើមមានមន្ទិល ចំពោះបេក្ខជនដែលពួកគេ ធ្លាប់គាំទ្រកន្លងមក ហើយខ្លះទៀតបានសម្រេចប្តូរចិត្តទៅគាំទ្រលោក ដូណាល់ ត្រាំ វិញ៕