(បាងកក)៖ ប្រភពពីមន្រ្តីយោធាជាន់ខ្ពស់ពីររូបបានឲ្យបង្ហើបឲ្យដឹងថា ប្រទេសថៃកំពុងរៀបចំក្បួនសម្រាប់ ការឡើងគ្រងរាជ្យសម្បត្តិនៃព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន ដែលជាព្រះបុត្រាស្នង​រាជ្យដែល ត្រូវបានកំណត់តាំងពីដើមរៀងមកនៅថ្ងៃទី០១ ខែធ្នូ ខាងមុខនេះ។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Channel News Asia​ ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០១៦។

ប្រភពដដែលបានថ្លែងបញ្ជាក់ដូច្នេះថា «យើងកំពុងតែធ្វើការរៀបចំដើម្បីត្រៀមលក្ខណៈឲ្យគ្រប់ជ្រុងជ្រោយ សម្រាប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ប៉ុន្តែពេលវេលាទៅមុខទៀតយ៉ាងណានោះ គឺវាអាស្រ័យលើតែព្រះរាជបុត្រាតែប៉ុណ្ណោះ»។ សម្រាប់ការគ្រងរាជ្យនៅពេលខាងមុខនេះ គឺមិនមែនជាពិធី ផ្លូវការនោះឡើយ ដោយពិធីផ្លូវការនឹងត្រូវរង់ចាំដោយការបូជា​ព្រះសពព្រះមហាក្សត្ររួច​រាល់ និងការកាន់ទុក្ខ បញ្ចប់នៅរយៈពេលមួយឆ្នាំជាមុនសិន។

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន នឹងឡើងគ្រោងរាជ្យសម្បត្តិជាព្រះមហាក្សត្រថ្មី របស់ព្រះរាជាណាចក្រថៃ បន្ទាប់ពីទ្រង់បានសុំឲ្យពន្យាពេលនៃការធ្វើពិធីឡើងសោយរាជ្យដើម្បីមានពេល វេលាគ្រប់គ្រាន់ក្នុងការរៀបចំពិធីកាន់ទុក្ខថ្វាយព្រះបិតា គឺព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ដែលបានសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា នៅក្នុងព្រះជន្មាយុ ៨៨ព្រះវស្សា៕