(មូស្គូ)៖ ខណៈភាពតានតឹងជាមួយនឹងអឺរ៉ុបកាន់តែបន្តកើនឡើងនោះ គេបានសង្កេតឃើញថាប្រទេសរុស្ស៊ី បានបន្តបង្អួតពីសព្វាវុធទំនើបៗចុងក្រោយបំផុតរបស់ខ្លួនជាបន្តបន្ទាប់ ដោយឥឡូវនេះអតីតសហភាពសូវៀត មួយនេះបានបង្អួតពីឧទ្ធម្ភាគចក្រចម្បាំងមួយប្រភេទផ្សេងទៀត និងបានប្រកាសអំពីគំរោងក្នុងការផលិត នាវាមុជទឹកបំបាំងកាយផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០១៦។

សារព័ត៌មានខាងលើបានឲ្យដឹងទៀតថា ឧទ្ធម្ភាគចក្រ Mi-28NM ជំនាន់ថ្មីបំផុតរបស់ប្រទេសរុស្ស៊ី នឹងក្លាយជា ឧទ្ធម្ភាគចក្រដែលមានឥទ្ធិពលបំផុតក្នុងការប្រយុទ្ធនាពេលរាត្រី ហើយវានឹងបំពាក់ដោយមីស៊ីលប្រដេញ និងគ្រាប់បែកដ៏មានអនុភាពជាច្រើនប្រភេទ ព្រមទាំងអាចវាយប្រហារទៅលើគោលដៅដែលស្ថិតនៅចម្ងាយ រហូតដល់០៨គីឡូម៉ែត្រដោយមានប្រសិទ្ធភាពថែមទៀតផង។

លើសពីនេះទៀត ឧទ្ធម្ភាគចក្រប្រភេទថ្មីនេះ ក៏មានប្រព័ន្ធប្រឆាំងនឹងការរំខានពីសត្រូវរួមជាមួយនិងកាំរស្មី ការពារខ្លួនដែលត្រូវបានរចនាឡើង ដើម្បីបញ្ជៀសពីការវាយប្រហារដោយគ្រាប់មីស៊ីលផងដែរ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ វាត្រូវបានគេអះអាងថាមានសមត្ថភាពខ្ពស់ជាងឧទ្ធម្ភាគចក្រចម្បាំង AH-64-D Apache របស់អាមេរិកបើគិតអំពីលទ្ធភាពក្នុងការ កម្ទេចគោលដៅនៅលើផ្ទៃអាកាស។

គួរបញ្ជាក់ដែរថា ទីបញ្ជាការកងទ័ពជើងទឹកនៃប្រទេសរុស្ស៊ី ក៏បានប្រកាសដែរថានៅខែចុងវិច្ឆិកា ខាងមុខនេះ រុស្ស៊ីនឹងមានការផលិតនាវាមុជទឹកប្រភេទបំបាំងកាយជំនាន់ថ្មី ចំនួន០៦គ្រឿងថែមទៀត ដែលមានសមត្ថភាព អាចបំបាំងខ្លួនមិនអាចឲ្យប្រព័ន្ធរ៉ាដារបស់សត្រូវចាប់សញ្ញាបាន ហើយពួកវាអាចវាយប្រហារចំពោះគោលដៅ មិនថានៅក្នុងទឹក នៅលើទឹក ឬក៏នៅលើដីគោកនោះឡើយ៕