(សេអ៊ូល)៖ ទីបំផុតមនុស្សជំនិតដ៏យូរឆ្នាំរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺហេ ត្រូវបាន តុលាការកោះហៅឲ្យធ្វើការស្រាយបំភ្លឺហើយនៅថ្ងៃចន្ទនេះ ជុំវិញរឿងរ៉ាវអាស្រូវ និងការចោទប្រកាន់ថា មិត្តជិតស្និតនៃថ្នាក់ដឹកនាំកំពូលរូបនេះ បានលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសជាតិចាប់តាំងពីលោកស្រី ផាក ឡើងកាន់អំណាចនៅខែកុម្ភៈ ឆ្នាំ២០១៦ មកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០១៦។
លោកស្រី Choi Soon-sil មនុស្សជំនិតរាប់ឆ្នាំដែលគ្រប់គ្នាកំពុងរិះគន់ និងចាប់អារម្មណ៍ខ្លាំងបំផុតសូម្បីតែពី សំណាក់ប្រទេសកូរ៉េខាងជើងនោះ បានបង្ហាញខ្លួននៅក្នុងសភានៅថ្ងៃចន្ទនេះនាវេលាម៉ោង ៣៖០០នាទី រសៀលម៉ោងទីក្រុងសេអ៊ូល ក្រោមការចោមរោមពីអ្នកសារព័ត៌មានជាតិនិងអន្តរជាតិរាបរយនាក់ពីខាងក្រៅ អគារតុលាការនៃទីក្រុងសេអ៊ូល។ វាពិតជាការទាក់ទាញចំណាប់អារម្មណ៍ខ្លាំងណាស់ពីមហាជនទូទៅ ខណៈ លោកស្រី Choi ត្រូវបានគេចោទប្រកាន់ថា បានចូលទៅក្នុងការិយាល័យប្រធាធិបតីដោយសេរី ដោយគ្មានការ ត្រួតពិនិត្យផ្នែកសន្តិសុខ និងគ្មានតួនាទីណាមួយក្នុងការងាររដ្ឋផងនោះ។
ខណៈពេលនៃការដើរចូលទៅក្នុងតុលាការ ដោយមានការចោមរោមពីអ្នកកាសែតនោះបាតុករដែលនៅពីខាង ក្រៅរបងក៏មិនបានបង្អង់សកម្មភាពនោះដែរ គឺពួកគេបានគូររូបត្លុករបស់លោកស្រី ផាក គឺនហេ និងលោកស្រី Choi រួមជាមួយគ្នា ហើយក៏បានសរសេរបដាជាច្រើនដែលមានអត្ថន័យប្រឆាំងនឹងទង្វើដែលកើតមានឡើង រវាងមិត្តភក្តិទាំងពីរ ព្រមទាំងបានស្រែកទាមទារឲ្យប្រធានាធិបតីជាស្ត្រីដំបូងរបស់ប្រទេសកូរ៉េខាងត្បូង រូបនេះចុះចេញពីអំណាចថែមទៀតផង។
យ៉ាងណាក៏ដោយលោកស្រី Choi «បានធ្វើការសារភាព នូវកំហុសទាំងឡាយដូចការចោទប្រកាន់កន្លងមក និងបានអង្វរសូមឲ្យមហាជនកូរ៉េខាងត្បូងលើកលែងទោស ហើយលោកស្រីក៏បានបន្ថែមទៀតថា កំហុសលោកស្រីទាំងប៉ុន្មានគឺសក្តិសមនឹងទទួលការស្លាប់»។ លោកស្រី Choi ដែលអះអាងថាខ្លួនកំពុងមាន ជំងឺបេះដូងនោះ គឺជាមិត្តភក្តិជាង ៤ទសវត្សរ៍ហើយជាមួយលោកស្រី ផាក ហើយពេលនេះកំពុងតែទទួលរង ការចោទប្រកាន់ថាបានប្រើប្រាស់ភាពស្និតស្នាលជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ទៅប្រព្រឹត្តរឿងគ្រោះថ្នាក់ ដល់ប្រទេសជាតិ ជាពិសេសនោះគឺការក្លែងបន្លំប្រាក់មូលនិធិ ដោយប្រើប្រាស់អំណាចប្រធានាធិបតីជាខែល។
គួររំលឹកថានៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ប្រជាជាតិកាលពីសប្តាហ៍មុននេះ លោកស្រី ផាក គឺនហេ បានលើកឡើងថាលោកស្រី បានទទួលដំបូន្មានជាច្រើនពីលោកស្រី Choi ដែលមានអាយុបងលោកស្រី ផាក បួនឆ្នាំ នៅក្នុងការធ្វើបទបង្ហាញទៅកាន់មហាជនម្តងៗ ជាពិសេសនៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីឆ្នាំ២០១២។ យ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងថា តើតុលាការនឹងត្រូវសម្រេចយ៉ាងណាចំពោះជោគ វាសនានៃលោកស្រី Choi ហើយថាតើលោកស្រី ផាក នឹងសម្រេចចិត្តដូចម្តេចដើម្បីបន្ធូរបន្ថយកំហឹង របស់ប្រជាជននោះឡើយ៕