Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្ញៀវទេសចរអឺរ៉ុប នឹងត្រូវស្នើសុំការអនុញ្ញតតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីចូលមកចក្រភពអង់គ្លេស​ (Video inside)

02-04-2025 12:03

(ឡុងដ៏)៖ ចាប់ពីថ្ងៃពុធ ទី២ ខែមេសាតទៅ ភ្ញៀវទេសចរអឺរ៉ុប ដែលចង់ចូលទៅកាន់ចក្រភពអង់គ្លេស នឹងត្រូវទិញលិខិតអនុញ្ញាតសម្រាប់ការធ្វើដំណើរ តាមប្រព័ន្ធអេឡិចត្រូនិចជាមុនសិន ខណៈរដ្ឋាភិបាលអង់គ្លេស កំពុងយកគំរូតាមប្រទេសផ្សេងទៀត ជុំវិញការងារពង្រឹងសន្តិសុខអន្តោប្រវេសន៍ តាមរយៈការត្រួតពិនិត្យលើក្រុមមនុស្ស មុនពេលយល់ព្រមឱ្យពួកគេឆ្លងកាត់ព្រំដែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ ២០២៥។

ប្រព័ន្ធ Electronic Travel Authorisation (ETA) តម្រូវឱ្យភ្ញៀវទេសចរទាំងអស់ ដែលមិនតម្រូវឱ្យមានទិដ្ឋាការ សម្រាប់ការចូលមកចក្រភពអង់គ្លេស ទិញលិខិតអនុញ្ញាតនៅក្នុងតម្លៃ ១០ផោនដល់១៦ផោន ចាប់ពីថ្ងៃទី៩ ខែមេសា។ ប៉ុន្តែពលរដ្ឋអៀរឡង់ មិនត្រូវបានរាប់បញ្ចូលនោះទេ។

រដ្ឋមន្ត្រីក្រសួងទេសន្តរប្រវេសន៍អង់គ្លេស លោកស្រី Seema Malhotra បាននិយាយថា «ការពង្រីកប្រព័ន្ធ ETA ទូទាំងពិភពលោក គឺជាការប្តេជ្ញាចិត្តរបស់យើង ក្នុងការពង្រឹងសន្តិសុខ តាមរយៈបច្ចេកវិទ្យា និងភាពច្នៃប្រឌិត។ បើតាមក្រសួងមហាផ្ទៃ ការស្នើសុំតាមប្រព័ន្ធ ETA របស់ចក្រភពអង់គ្លេស គឺអ្នកដាក់ពាក្យភាគច្រើន ទទួលបានការសម្រេចចិត្តដោយស្វ័យប្រវត្តិ ក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។

គួរបញ្ជាក់ថា ចំណាត់ការនេះត្រូវបានដាក់ឱ្យ​ប្រើ​ដំបូង​គេ សម្រាប់​ជន​ដែលមិន​មែន​ជា​ជនជាតិ​អឺរ៉ុប​ កាល​ពី​ឆ្នាំ​មុន រួម​ទាំង​ភ្ញៀវទេសចរ​មក​ពី​​អាមេរិក កាណាដា និង​អូស្ត្រាលី។ ចក្រភពអង់គ្លេស បានទទួលភ្ញៀវទេសចរណ៍ចំនួន ២២.៥លាននាក់ពីសហភាពអឺរ៉ុប ក្នុងឆ្នាំ ២០២៣ កើនឡើងពីចំនួន ១៩លាននាក់បើប្រៀបធៀបនឹងឆ្នាំ ២០២២៕