នាយករដ្ឋមន្រ្តីលីបង់៖ ការវាយប្រហាររបស់អ៉ីស្រាអែលលើជាយក្រុងបេរូត បញ្ជាក់យ៉ាងច្បាស់ថា នរណាជាអ្នកបំពានបទឈប់បាញ់ (Video inside)
01-04-2025 15:47
(បេរូត)៖ នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បាននិយាយថា ការវាយប្រហាររបស់អ៉ីស្រាអែលនៅថ្ងៃនេះ ទៅលើជាក្រុងបេរូតភាគខាងត្បូង គឺជាការរំលោភយ៉ាងច្បាស់លើបទឈប់បាញ់ ដែលភាគច្រើនបានបញ្ចប់អរិភាពជាងមួយឆ្នាំ រវាងអ៉ីស្រាអែល និងក្រុមហេសបូឡា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ ២០២៥។
លោក Salam បានថ្កោលទោសការវាយប្រហារនោះ ដោយចាត់ទុកថាវាជាការបញ្ជាក់ឱ្យឃើញច្បាស់ អំពីអ្នកបំពានបទឈប់បាញ់ និងជាការរំលោភលើដំណោះស្រាយលេខ ១៧០១របស់អង្គការសហប្រជាជាតិ ដែលជាសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលបានបញ្ចប់សង្រ្គាមឆ្នាំ ២០០៦រវាងអ៉ីស្រាអែល និងក្រុមហេសបូឡា ហើយបានបម្រើជាមូលដ្ឋានគ្រឹះ នៃបទឈប់បាញ់ខែវិច្ឆិកា។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលលីបង់ បានឱ្យដឹងថា មនុស្ស ៣នាក់បានស្លាប់ និង ៧នាក់របួស ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ទៅលើតំបន់ប្រជុំជននៃទីក្រុងបេរូត។ យោធាអ៉ីស្រាអែលនិយាយថា វាជាការវាយប្រហារសំដៅលើក្រុមហេសបូឡា ដែលថ្មីៗនេះបានដឹកនាំ និងជួយធ្វើប្រតិបត្តិការឱ្យក្រុមហាម៉ាស៕