Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UPDATE: ចំនួនអ្នកស្លាប់បន្តកើនដល់២៧១៩នាក់ និងរបួសជាង៤៥០០នាក់ ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​ (Video inside)

01-04-2025 15:30

(ណៃពិដោ)៖ នៅថ្ងៃអង្គារ ទី១ ខែមេសា របបសឹកនៃប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី បានបន្តកើនដល់លើស២៧០០នាក់ ស្របពេលដែលក្តីសង្ឃឹមនៃការស្វែងរកអ្នកនៅរស់ ក្រោមគំនរបាក់បែក កាន់តែថយចុះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងសារតាមកញ្ចក់ទូរទស្សន៍នាថ្ងៃអង្គារនេះ ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បាននិយាយថា តួលេខអ្នកបាត់បង់ជីវិត បានឡើងដល់២៧១៩នាក់ ហើយត្រូវបានរំពឹងថា នឹងបន្តកើនដល់លើស៣០០០នាក់ ថែមទៀតផង។ ជាមួយគ្នានេះដែរ អ្នករងរបួស បានកើនដល់៤៥២១នាក់ និងបាត់ខ្លួន៤៤១នាក់។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បានវាយប្រហារមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ខណៈវាគឺជារញ្ជួយដីធំបំផុត មិនធ្លាប់មានឡើយក្នុងរយៈពេលជាង១សតវត្សរ៍ ដែលបានកើតឡើងនៅប្រទេសអាស៊ានមួយនេះ។ ស្របពេលដែលប៉ុន្មានថ្ងៃបាន​កន្លងផុតទៅ ក្តីសង្ឃឹមនៃការរុករកអ្នកនៅរស់រានមានជីវិតកំពុងថយចុះ ប៉ុន្តែក្រុមអ្នកសង្រ្គោះមីយ៉ាន់ម៉ា និងមកពីអន្តរជាតិ កំពុងតែបន្ត​ប្រតិបត្តិការជួយសង្រ្គោះយ៉ាងស្វាហាប់៕