រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ ប្រាប់អាមេរិកកុំឱ្យចាញ់បោកល្បិចអូសក្រឡា របស់លោក ពូទីន
01-04-2025 15:00
(កៀវ)៖ នៅថ្ងៃអង្គារ ទី១ ខែមេសា រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បាននិយាយនៅទីក្រុងកៀវថា សហរដ្ឋអាមេរិកមិនត្រូវបណ្តោយខ្លួន ឱ្យចាញ់បញ្ឆោតនូវអ្វីដែលលោកស្រីហៅថា «ក្បួនពន្យារពេល» របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រោយលោកស្រីបានធ្វើដំណើរមិនប្រកាសឱ្យដឹងជាមុន ទៅដល់រដ្ឋធានីកៀវរបស់អ៊ុយក្រែន លោកស្រី Baerbock បានលើកឡើងថា «នៅកិច្ចប្រជុំខាងមុខនេះ រវាងក្រុមរដ្ឋមន្រ្តីការបរទេស នៃបណ្តាប្រទេសជាសមាជិកអង្គការ NATO យើងនឹងបង្ហាញឱ្យច្បាស់ទៅកាន់ភាគីអាមេរិកថា ពួកយើងពុំគួរចូលរួមក្នុងយុទ្ធសាស្រ្តអូសបន្លាយពេលរបស់លោក ពូទីន ឡើយ»។
គួរបញ្ជាក់ថា ក្រុមរដ្ឋមន្រ្តីការបរទេស NATO នឹងត្រូវជួបប្រជុំគ្នា នៅទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក នាថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ។ កាលពីថ្ងៃចន្ទ ទី៣១ ខែមីនា វិមានក្រឹមឡាំង បាននិយាយថា រុស្ស៉ីនិងអាមេរិក កំពុងធ្វើការលើគំនិត សម្រាប់ស្វែងរកដំណោះស្រាយសន្តិភាព នៅអ៊ុយក្រែន ក៏ដូចជាសម្រាប់កសាងទំនាក់ទំនងទ្វេភាគីឡើងវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកមានការខឹងសម្បារយ៉ាងខ្លាំងចំពោះ លោក ពូទីន ជុំវិញវឌ្ឍនភាពនៃកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាម រវាងរុស្ស៉ីនិងអ៊ុយក្រែន៕